(ហាណូយ)៖ ក្រុមហ៊ុន Airbus នឹងធ្វើការងាររួមគ្នា​ជាមួយវៀតណាម ដើម្បីអភិវឌ្ឍន៍​ឧស្សាហកម្ម​អវកាស បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​​ពី​ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​មួយ រវាងក្រុមហ៊ុន​ផលិតយន្ដហោះអឺរ៉ុបមួយនេះ ​ជាមួយនិង​ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

វិស័យដ៏មាន​សក្ដានុពល នៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងនោះ​រួមមាន ការផ្លាស់ប្ដូរព័ត៌មាន​ស្ដីពីបញ្ហាពាក់ព័ន្ធនឹង​ការអង្កេតផែនដី ការរៀបចំ និងការចូលរួម​ក្នុងព្រឹត្តិការណ៍​វិទ្យាសាស្ត្រ ក៏ដូចជាការស្រាវជ្រាវ​លើបច្ចេកវិទ្យា​ផ្កាយរណប​ជាដើម។ កាលពី​ឆ្នាំ២០១០ ក្រុមហ៊ុន Airbus ទទួលបានកិច្ចសន្យា​អភិវឌ្ឍន៍មួយ ក្នុងការផលិត និងបាញ់បង្ហោះ​ផ្កាយរណបអង្កេតការណ៍​លើផែនដី។

ផ្កាយរណប​នេះមានឈ្មោះ VNREDSat-1 ត្រូវបានបាញ់​បង្ហោះដោយជោគជ័យ​កាលពីឆ្នាំ២០១៣ ហើយវាបាន​ជួយឱ្យវៀតណាម​មានសមត្ថ​ភាពតាមដាន និងសិក្សាស្រាវជ្រាវ​ពីផលប៉ះពាល់ នៃបញ្ហាបម្រែបម្រួលអាកាសធាតុ ព្រមទាំង​ព្យាករណ៍ និងចាត់វិធានការ​ទប់ស្កាត់ គ្រោះមហន្តរាយ​ធម្មជាតិបានប្រសើរជាងមុន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Airbus ក៏កំពុងអភិវឌ្ឍន៍ឧស្សាហកម្ម​របស់ខ្លួនផងដែរ​នៅក្នុងប្រទេស​វៀតណាម ជាទីដែល​ក្រុមហ៊ុន ក្នុងមួយនេះបាន​​ជួយ​បណ្ដុះ​បណ្ដាល​កម្មករ​ជំនាញ​ជាន់ខ្ពស់វៀតណាមជាង ៥៥០នាក់ ដើម្បីជួយជម្រុញឲ្យ​វិស័យនេះនៅ​វៀតណាម កាន់តែ​មានសន្ទុះអភិវឌ្ឍន៍​លឿន៕