(ម៉ាល់ឌីវ)៖ ​វិស័យទេសចរណ៍​នៃប្រទេសដី​កោះម៉ាល់ឌីវ ដែលជាគោលដៅ​ដ៏ពេញនិយម សម្រាប់ការធ្វើ​ដំណើរកម្សាន្ត និងសម្រាក​លំហែរ​​កាយ​នោះ បាននិងកំពុង​មានសន្ទុះយ៉ាងខ្លាំងក្លា​នៅឆ្នាំ២០១៨នេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌​មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃ​សុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

អត្រា​​​ភ្ញៀវទេសចរ​ដែលបានធ្វើដំណើរកម្សាន្ត​មកកាន់ម៉ាល់ឌីវ ត្រូវគេរាយ​ការណ៍ថា បាន​កើនឡើង ១៧ភាគរយ នៅអំឡុង​ត្រីមាស​ទី​​មួយ​នៃឆ្នាំ២០១៨នេះ ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ស្រដៀងគ្នាដែរ នាអំឡុងត្រីមាស​ដំបូងនៃឆ្នាំនេះ ​អត្រាជាមធ្យម​នៃ​ភ្ញៀវទេសចរ​ដែលស្នាក់នៅនា​វេលាយប់​បានកើន ១៨ភាគរយ។

ក្នុងអំឡុងត្រីមាស​ទីមួយដដែល វិស័យឧស្សាហកម្ម​នៅម៉ាល់ឌីវ ​រកចំណូលបាន​៩៩៣.៥លានដុល្លារ ​​ដែលការ​ហក់ឡើង ២០ភាគរយ ​ពីរយៈពេលដូចគ្នា​កាលពី​ឆ្នាំ២០១៧។ យោងតាមស្ថិតិថ្មីចុងក្រោយ​ពី​ក្រសួងទេសចរណ៍​ម៉ាល់ឌីវ ​ភ្ញៀវទេសចរ​​សរុប​ ៧២៦,៥១៥នាក់ ​បានធ្វើមកលេង​​​នៅទីនេះ ក្នុងអំឡុងពេល ០៦ខែដំបូង​នៃឆ្នាំ២០១៨ ដែលជា​កំណើន​ ១០.៥ភាគរយ ធៀបនឹង​រយៈពេលដូចគ្នា​​នៅ​ឆ្នាំ​មុន​។

គួរជម្រាបថា ​ម៉ាល់ឌីវ​គឺជាប្រទេសដីកោះត្រូពិច​មួយ ស្ថិតនៅលើមហាសមុទ្រ​ឥណ្ឌា ហើយ​ប្រជាជាតិនេះ រួមផ្សំឡើង​ពីកោះផ្កាថ្ម​ជា​ច្រើន​ និងមាន​ប្រជាជនរស់នៅប្រមាណ ៤៤៤,០០០នាក់។ សម្រាប់ការ​ធ្វើដំណើរដើម្បីទៅដល់​ប្រទេសដីកោះ​នេះ គឺមានតែ​តាម​រយៈ​ជើងហោះហើរ​ប៉ុណ្ណោះ ហើយសម្រាប់ការធ្វើដំណើរ​កម្សាន្ត​ពីកន្លែងមួយ​ទៅកន្លែងមួយនៅ​ទីនោះផ្ទាល់វិញ គឺភាគច្រើន​ធ្វើឡើងតាម​រយៈការ​ជិះទូក​ឆ្លង៕