​(ហ្ស៊ីមបាវ៉េ)៖ ប្រធានាធិបតី​ហ្ស៊ីមបាវ៉េបច្ចុប្បន្ន លោក អេមមឺសុន ម៉ាណាងហ្គាវ៉ា (Emmerson Mnangagwa) បានទទួលជ័យជម្នះ​នៅក្នុងការ​បោះឆ្នោត ប្រធានាធិបតី​នៅក្នុងបរិបទ​ដែលគេកំពុងព្រួយបារម្ភ​ថា អំពើហិង្សា​អាចនឹងផ្ទុះ​ឡើង​ជាថ្មី ក្រោយគណបក្សប្រឆាំង​ប្រកាសមិន​ទទួលស្គាល់លទ្ធផល​បោះឆ្នោត។ នេះបើតាម​គណៈកម្មាធិការ​រៀបចំការ​បោះឆ្នោត ដកស្រង់ដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

យោងតាមគណៈកម្មាធិការ​រៀបចំការបោះឆ្នោត​ហ្ស៊ីមបាវ៉េ លោក Emmerson Mnangagwa ទទួលបាន​សំឡេងគាំទ្រ ៥១ភាគរយ រីឯមេដឹកនាំ​គណបក្សប្រឆាំង លោក ណែលសុន ឆាមីសា (Nelson Chamisa) ទទួលបាន​សំឡេងគាំទ្រ ៤៤.៣ភាគរយ។ បន្ថែមពីលើនេះ​ដោយសារ​តែលោក Mnangagwa ទទួលបាន​សំឡេងគាំទ្រច្រើន​ជាង ៥០ភាគរយ ការបោះឆ្នោត​ប្រធានាធិបតី​ជុំទី ២ មិនចាំបាច់ត្រូវធ្វើឡើង។

គួរបញ្ជាក់ថា សមាជិកគណបក្ស​ប្រឆាំងជាច្រើនរូប ត្រូវបានគេបណ្ដេញ​ចេញពីបន្ទប់បោះឆ្នោត ក្រោយបដិសេធ​មិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត ហើយ​មិនតែ​ប៉ុណ្ណោះការព្រួយបារម្ភ​ក៏កំពុងកើនឡើង​ផងដែរ​ថា អំពើហិង្សា​អាចនឹងផ្ទុះឡើង​ជាថ្មី បន្ទាប់ពីអ្នកគាំទ្របក្ស​ប្រឆាំង ០៦នាក់ បានស្លាប់នៅ​ក្នុងការប៉ះទង្គិចគ្នា​ជាមួយប៉ូលិស​ក្នុងទីក្រុង Harare កាលពីថ្ងៃពុធ៕