(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតី​អាមេរិក​លោក ម៉ៃក៍ ផែន (Mike Pence) បានទទួលស្វាគមន៍​ការវិលត្រឡប់​មកវិញ នៃអដ្ឋិធាតុរបស់​​កងទ័ព​​អាមេរិក​ ដែលបាន​ពលជីវិត​កាលពីសម័យសង្រ្គាម​កូរ៉េ ក្នុងពិធីមួយ​ដែលប្រព្រឹត្ត​ទៅនៅលើ​កោះហាវ៉ៃ​​នាថ្ងៃពុធសប្តាហ៍​នេះ (ពេលវេលានៅអាមេរិក​)។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

អដ្ឋិធាតុខាង​លើ​​នេះ ត្រូវបាន​​បញ្ជូន​ពី​កូរ៉េខាងជើង​ទៅកាន់​​មូលដ្ឋានទ័ពអាកាស​អាមេរិក អូសាន (Osan) ប្រទេសកូរ៉េខាងត្បូង​តាំង​ពី​សប្តាហ៍​មុនម្ល៉េះ ខណៈពេលនេះ​ទើបដឹកជញ្ជូនមកទឹកដី​អាមេរិកជាផ្លូវការ។ នាឱកាសចូលរួម​ពិធីខាងលើ នៅឯមូលដ្ឋានទ័ព​​អាកាស ហ៊ីកខាំ (Hickam) នៃរដ្ឋហោះវ៉ៃ លោក Pence បានលើកឡើង​ថា ការមកដល់នៃ​អដ្ឋិ​ធាតុទាហានអាមេរិក​ទាំងនេះ គឺជា​សញ្ញា​​វឌ្ឍន​ភាព​ប្រកប​ដោយ​​ភាព​វិជ្ជមានមួយ នៅក្រោយ​កិច្ចប្រជុំកំពូល​ជាប្រវត្តិរវាង​​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន នៅសិង្ហបុរី​​កាលពី​ខែមិថុនា។

គួរជម្រាបថា លោក គីម ជុងអ៊ុន បានព្រមព្រៀង​​ជាមួយលោក ត្រាំ ថានឹងបញ្ចូន​អដ្ឋិធាតុ​កងទ័ពអាមេរិក​មកវិញ នៅ​អំឡុងកិច្ចប្រជុំ​​កំពូល​​រវាងមេដឹកនាំ​ទាំងពីរ ដែលជាជំនួប​ដំបូងបំផុត​​ពុំធ្លាប់មាន រវាង​មេដឹកនាំកូរ៉េខាងជើង​ និង​ប្រធានាធិបតីអាមេរិក​កំពុងកាន់​អំណាច​៕