(សេអ៊ូល)៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ខ្លួនបានបញ្ជូន​នាវាចម្បាំងមួយគ្រឿង​ទៅកាន់ប្រទេស​លីប៊ី ដែលជាការបង្ហាញចេតនា​ចង់បង្ហាញ​កម្លាំងសាច់ដុំ ដើម្បីធានាឱ្យ​មានការដោះលែង​ជនជាតិកូរ៉េខាងត្បូង​ម្នាក់ ដែលត្រូវបាន​គេចាប់ពង្រត់​ ជាមួយ​ជនជាតិហ្វីលីពីនបីនាក់ផ្សេងទៀត នៅក្នុងប្រទេស​អាហ្វិ្រកខាងជើ​ង​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

នាវា​ចម្បាំង មហាមុនមូ (Munmu the Great) មានទម្ងន់ ៤,០០០តោន និងកំពុង​ប្រតិបត្តិការប្រឆាំង​នឹងចោរសមុទ្រ​នៅឈូងសមុទ្រ អេដិន (Aden) កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ប្រទេសលីប៊ី ក៏ដូចជាត្រៀមខ្លួន​ផងដែរក្នុងកិច្ចខិតខំប្រឹងប្រែង​គ្រប់លទ្ធភាព​ទាំងអស់​ក្នុងនោះរួមមានការគំាទ្រផ្នែក​យោធា ដើម្បីធានាឱ្យមាន​ការដោះលែងជនជាតិ​កូរ៉េខាងត្បូង ដែលត្រូវបាន​គេចាប់​ពង្រត់។

គួរជម្រាបថា បុរសជាជនជាតិ​កូរ៉េខាងត្បូងម្នាក់ និងបុរសជនជាតិ​ហ្វីលីពីនបីនាក់ទៀត ជាវិស្វករនៅឯទីតាំងនៃ​គម្រោងសា្ដរប្រព័ន្ធទឹក នៅឯភាគខាងលិច​ប្រទេសលីប៊ី ត្រូវបានគេចាប់​ពង្រត់កាលពី​ថ្ងៃទី០៦ ខែកក្កដា នៅក្នុងការវាយប្រហារមួយ។ ចំណែកឯ វិដេអូមួយ​ត្រូវបានបង្ហោះនៅលើអ៊ីធើណែតនាពេលថ្មីៗនេះ ក៏បានបង្ហាញ​ពីបុរសជាច្រើនឈរ​ នៅពីក្រោយអ្នកទាំង​បួននាក់នេះ ប៉ុន្តែបុរស ប្រដាប់អាវុធ​ទាំងនោះ​មិនត្រូវបានគេកំណត់​អត្តសញ្ញាណទេ ហើយក៏មិនទាន់​មានក្រុមណាមួយចេញ​មុខទទួល​ខុសត្រូវ លើការ​វាយប្រហារ​នោះដែរ៕