(សិង្ហុបុរី)៖ ចិន និងកម្ពុជា​នៅថ្ងៃពុធសប្ដាហ៍នេះបានសន្យាថា នឹងចូលរួមរក្សាគោលនយោបាយ​ពុហភាគីនិយម ដើម្បីរក្សាសន្តិភាព និងស្ថេរភាព​នៅក្នុងតំបន់។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន China Daily នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

ការប្ដេជ្ញាចិត្តនេះ​ធ្វើឡើងនៅក្នុងជំនួប​រវាងរដ្ឋមន្ត្រីការ​បរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការ​បទេសកម្ពុជា​លោក ប្រាក់ សុខុន នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃសមាគម​អាស៊ានលើកទី៥១ ក្នុងប្រទេស​សិង្ហបុរី។ នៅក្នុងជំនួបនោះ​លោក វ៉ាង បានបញ្ជាក់ទៀតថា នៅក្នុងស្ថានភាព​មិនច្បាស់លាស់របស់​អន្តរជាតិនាពេល​បច្ចុប្បន្ន ចិន និងកម្ពុជា រួមទាំងបណ្ដា​ប្រទេស​ដទៃៗទៀតនៅក្នុងតំបន់ ត្រូវតែបញ្ចេញ​សំឡេងរបស់ខ្លួន​ គាំទ្រគំនិតពហុភាគីនិយម ដើម្បីប្រឆាំង​នឹងគំនិតឯកតោ​ភាគី និងគាំពារ​និយម។

បន្ថែមពីលើនេះ រដ្ឋមន្ត្រី​ការបរទេស និងជាទីប្រឹក្សារដ្ឋចិន​លោក វ៉ាង យី ក៏បានកត់សម្គាល់បន្ថែមទៀតថា ប្រទេសចិន និងកម្ពុជាគឺជាមិត្ត និងជាគូ​ដ៏ជិតស្និទ្ធ ខណៈរដ្ឋមន្ត្រី​ការបរទេសកម្ពុជា​លោក ប្រាក់ សុខុន សង្ឃឹមថា ចិននឹងបន្តគាំទ្រយ៉ាងពេញ​ទំហឹងដល់​ស្ថេរភាព និងការអភិវឌ្ឍ​របស់កម្ពុជានៅ​ពេលអនាគត។

គួរបញ្ជាក់ថា ក្រៅតែពីការប្ដេជ្ញាចិត្ត​ធ្វើការងាររួមគ្នា​លោក វ៉ាង យី ថែមទាំងបញ្ជាក់ថា ចិនគាំទ្រការបោះឆ្នោត​ដោយរលូននៅ​កម្ពុជា ហើយថា​បរទេស​មិនគួរជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងរបស់​កម្ពុជានោះឡើយ៕