​(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក បិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាន​ព្រមានជាសាធារណៈថា អ៊ីស្រាអែលនឹង​ប្រើប្រាស់កម្លាំង​យោធា​​ជាវិធានការឆ្លើយតប បើសិនជាកងទ័ព​អ៊ីរ៉ង់ចូលមកក្បែរ ឬក៏ព្យាយាមបិទ​ច្រកសមុទ្រ បាប់អាល់មែនឌែប (Bab al-Mandeb) ដែលភ្ជាប់សមុទ្រក្រហម​ទៅកាន់ឈូង​សមុទ្រអាដិន (Aden) នោះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់​ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

ការព្រមាន​បែបនេះរបស់​លោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើងនៅក្នុង​ពិធីជួបជុំជាមួយ​កងទ័ពជើងទឹក​អ៊ីស្រាអែល ក្នុងទីក្រុងហាអ៊ីហ្វា (Haifa) នៅថ្ងៃពុធ​សប្ដាហ៍នេះ។ នាឱកាស​នោះដែរ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលរូបនេះ​បានលើកឡើង​ដូច្នេះថា «បើសិនជាអ៊ីរ៉ង់​ព្យាយាមបិទច្រកសមុទ្រ Bab al-Mandeb ខ្ញុំប្រាកដថា អ៊ីរ៉ង់នឹងត្រូវប្រឈមមុខ​នឹងកម្លាំងចម្រុះ​អន្តរជាតិ ដែលនឹង​ប្ដេជ្ញាចិត្ត ទប់ស្កាត់ការប៉ុនប៉ង​នេះឱ្យបាន។ ម្យ៉ាងវិញទៀត​កងកម្លាំងចំរុះ​អន្តរជាតិនេះ​ ក៏មានកងទ័ព​អ៊ីស្រាអែល​ផងដែរ»

គួរបញ្ជាក់ថា បើតាមរបាយការណ៍​ដាច់ដោយឡែកមួយ​ផ្សេងទៀត កងកម្លាំងឆ្មំា​បដិវត្តន៍អ៊ីរ៉ង់ ក៏ត្រូវបានគេរាយការណ៍​ដែរថា កំពុង​រៀបចំការ​ធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំ​មួយ​នៅឯច្រក​សមុទ្រ ហ័រមូស (Hormuz) នៅក្នុង​រយៈពេល ៤៨ម៉ោងខាងមុខនេះ ខណៈរដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល​លោក អាវីកដ័រ ឡៃប៊ឺមែន (Avigdor Lieberman) អះអាងអំពីការទទួលបានដំណឹងថា អ៊ីរ៉ង់ចង់បំផ្លាញ​នាវាអ៊ីស្រាអែល​នៅសមុទ្រ ក្រហម៕