(វ៉ាស៊ីនតោន)៖ សេតវិមានបាន​ចេញមុខទទួល​ស្គាល់ថា រដ្ឋាភិបាលឥណ្ឌា​បានអញ្ចើញ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ឲ្យ​ទៅបំពេញទស្សនកិច្ច​​នៅឯ​ប្រជាជាតិអាស៊ី​ខាងត្បូងមួយនេះ ប៉ុន្តែការសម្រេច​ចិត្តចុងក្រោយ ពុំទាន់ត្រូវ​បានធ្វើឡើង​នៅឡើយទេ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

ការបញ្ជាក់ខាងលើ​ត្រូវបានធ្វើឡើង​ដោយ អ្នកនាំពាក្យសេតវិមាន​អាមេរិក​​លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders)។ លោក​ស្រី Sanders បាន​​បន្ថែម​ថា ​​រដ្ឋមន្រ្តី​ការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងរដ្ឋមន្រ្តីការពារជាតិ​លោក ចេមស៍ ម៉ាត់ទីស (James Mattis) អាចនឹងចាប់ផ្តើមការ​ជជែកពិភាក្សា​​ជុំវិញ​រឿង​នេះ នាខែក្រោយ នៅពេលដែល​រដ្ឋមន្រ្តី​ទាំងពីរធ្វើដំណើរទៅឥណ្ឌា​នៅខែកញ្ញា។

គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ បណ្តាញសារព័ត៌មានឥណ្ឌា បានចុះផ្សាយថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានអញ្ជើញលោក ត្រាំ ដើម្បីធ្វើជាភ្ញៀវកិត្តិយសពិសេស សម្រាប់ពិធីព្យុហយាត្រា​នៃទិវាសាធាណរដ្ឋ (Republic Day) នៅខែមករា ឆ្នាំក្រោយ (២០១៩)។ ​​

យ៉ាងណាមិញ ភាពមិនចុះ​សម្រុង​គ្នា​នៅតែមានរវាងប្រទេសទាំងពីរ ជុំវិញ​ការដំឡើង​លើវិស័យពាណិជ្ជកម្ម ដោយអាមេរិក​បាន​គំរាម​​ដាក់ពិន័យ​លើ​​ឥណ្ឌា ជុំវិញការទិញ​ប្រេងពីអ៊ីរ៉ង់ និងការគ្រោងទិញប្រព័ន្ធ​មីស៊ីលការពារអាកាស S-400 ពីរុស្ស៊ី៕