(អង់ការ៉ា)៖ ក្រសួងការបទេស​តួកគីបានព្រមានថា ទីក្រុងអង់ការ៉ានឹងចាត់វិធានការ​សងសឹកប្រឆាំងនឹង​សហរដ្ឋអាមេរិក ដែល​បានដាក់ទណ្ឌកម្ម​លើរដ្ឋមន្ត្រីតួកគី​ពីររូប ជុំវិញការឃុំខ្លួន​លោកឳសាសនាគ្រិស្ដសាជនជាតិអាមេរិកម្នាក់​ឈ្មោះ អាន់ឌ្រូ ប្រ៊ូសុន (Andrew Brunson)។ នេះបើ តាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ក្រសួង​ការបរទេស​តួកគីបានគូស​បញ្ជាក់យ៉ាងដូច្នេះ​ថា «ការចាត់វិធានការ​ឆ្លើយតប​ នឹងត្រូវធ្វើឡើងដោយ​គ្មានការពន្យារពេល​ឡើយ ដើម្បីប្រឆាំង​នឹង​ដាក់ទណ្ឌកម្ម​មួយនេះ ដែលគ្មាន​ហេតុផលទាល់តែ​សោះ»។ បន្ថែម​ពីលើនេះ ក្រសួងការបរទេស​តួកគី ក៏បានថ្កោលទោស​ក្រសួងរតនាគារជាតិ​អាមេរិក ព្រមទាំងចាត់​ទុកថា ការដាក់ទណ្ឌកម្ម​នេះនឹងធ្វើ ឱ្យខូចខាត​ដល់ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ។

គួរជម្រាបថា កាលពីថ្ងៃពុធ​ក្រសួងរតនាគារជាតិអាមេរិក បានសម្រេចចិត្ត​ដាក់ទណ្ឌកម្មលើ​រដ្ឋមន្ត្រីយុត្តិធម៌តួកគី លោក អាប់ឌុលហាមីត ហ្គូល (Abdulhamit Gul) និងរដ្ឋមន្ត្រីមហាផ្ទៃ លោក ស៊ូឡៃមែន សយលូ (Suleyman Soylu) ដោយចោទថា អ្នកទាំងពីរ​មានជាប់ពាក់ព័ន្ធនឹង​ការចាប់ និងឃុំខ្លួន​លោក Andrew Brunson៕