(មីយ៉ាន់ម៉ា)៖ ការព្រួយបារម្ភ និងការភ័យខ្លាច​កំពុងមានការកើនឡើង ស្របពេលកំរិត​ទឹកនៅតែបន្តហក់ឡើងខ្ពស់ ដោយសារតែ​គ្រោះទឹកជំនន់ នៅឯភាគអាគ្នេយ៍​ប្រទេសមីយ៉ាន់ម៉ា ជាទីដែលមនុស្ស​ច្រើនជាង ១៣០,០០០នាក់ ត្រូវបានជម្លៀស​ទៅកាន់កន្លែង​មានសុវត្ថិភាព និងជាច្រើននាក់បាន​បាត់បង់​ជីវិត។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

តំបន់ដីស្រែ​ចំការមួយផ្នែកធំ នៅក្នុងខេត្តចំនួន ០៤ ត្រូវបានទឹកជន់លិច រីឯក្រុមអ្នកជួយ​សង្រ្គោះកំពុងព្យាយាមចូល​ទៅដល់តំបន់​រងគ្រោះ ដោយជិះទូក ដើម្បីផ្គត់ផ្គង់​ស្បៀងអាហារដល់​អ្នកដែលមិនអាចចាកចេញ ឬបដិសេធចាក​ចេញពីផ្ទះរបស់​ពួកគេ។ លើសពីនេះ​ទៅទៀត ការចេញបញ្ជា​ឱ្យជម្លៀសប្រជាជននៅ​តែត្រូវអនុវត្តន៍នៅទូទាំងខេត្ត Bago, Karen, Mon និងខេត្ត Taninthari ដ្បិតខេត្តទាំងនេះ​មានទំនប់វារីអគ្គិសនី​ចំនួន ៣៦កន្លែង។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​មីយ៉ាន់ម៉ា គិតត្រឹមល្ងាច​ថ្ងៃអង្គារ មនុស្សច្រើន​ជាង ១៣២,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់ នៅបណ្ដោះអាសន្ន ហើយ ១២នាក់​ផ្សេងទៀតបាន​ស្លាប់៕