(ចិន)៖ បន្ទាប់ពីចំណាយពេល៣-៤ឆ្នាំ ក្នុងការផ្សព្វផ្សាយពីរបៀបរស់នៅបែបឌីជីថល ក្នុងប្រទេសចិនមក ប្រជាជនក្នុងទីក្រុងហាងចូវ (Hangzhou) បានទទួលដឹងពីឥទ្ធិពលផ្លាស់ប្តូររបស់បច្ចេកវិទ្យា ទៅលើស្ទើររាល់អ្វីៗដែលពួកគេប៉ះ។

ប្រធានបទមួយ ដែលគេនិយមលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំប្រ៊ីកស៍ (BRICS) នៅប្រទេសអាហ្វ្រិកខាងត្បូងនោះ គឺអំពីប្រាជ្ញាសិប្បនិម្មិត AI និងទីក្រុងឆ្លាតវ័យ។ ប្រជាជនក្នុងទីក្រុងហាងចូវ ភាគខាងកើតប្រទេសចិន ដែលជាតំបន់មួយក្នុងចំណោមទីក្រុង ដែលឆ្លាតបំផុតរបស់ចិន បានចាប់ផ្តើមរីករាយជាមួយនឹងភាពងាយស្រួល ដែលកើតចេញពីការអភិវឌ្ឍន៍ ផ្នែកបច្ចេកវិទ្យានៅទីនេះ។

ការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា មានវត្តមានដំបូងក្នុងសេវាកម្មវេជ្ជសាស្ត្រ ដែលប្រជាជនអាចចុះឈ្មោះសម្រាប់ពិគ្រោះជំងឺជាមួយ វេជ្ជបណ្ឌិតបាន ដោយប្រើប្រាស់ទូរស័ព្ទដៃ និងមិនចាំបាច់ឈរតម្រង់ជួររង់ចាំជាមួយមនុស្សដ៏ច្រើននោះទេ។ បន្ថែមពីនេះទៅទៀត ពួកគេក៏អាចបង់ថ្លៃថ្នាំ និងឆែកមើលរបាយការណ៍ពិនិត្យសុខភាពរបស់ពួកគេ នៅគ្រប់បញ្ជឌីជីថល ដែលដំឡើងក្នុងមន្ទីរពេទ្យបាន។

នៅឯមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យល្អបំផុត និងមមាញឹកជាងគេ វេជ្ជបណ្ឌិតកំពុងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីសម្រួលដល់វេជ្ជបណ្ឌិត នៅតាមសហគមន៍។ ទីនេះក៏មានផ្តល់សេវាពិគ្រោះជំងឺពីចម្ងាយ ហើយគ្រូពេទ្យមួយចំនួនផ្សេងទៀត ក៏ប្រើបច្ចេកវិទ្យាសម្គាល់សំឡេង ដើម្បីបង្កើនប្រសិទ្ធភាព នៃការព្យាបាលនិងការចេញវេជ្ជបញ្ជា។

លោក សឹង វឹនប៊ិន វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ Hangzhou First People បាននិយាយថា «សម្រាប់វេជ្ជបណ្ឌិតជាច្រើន ការផ្លាស់ទៅប្រើបច្ចេកវិទ្យាតាមប្រព័ន្ធអ៊ិនធើណេត បានដើរតួនាទីកាន់តែសំខាន់ ក្នុងការព្យាបាលអ្នកជំងឺ។ ពួកយើងអាចឆែកមើលរបាយការណ៍អ្នកជំងឺ ពីទីនេះផ្ទាល់ក៏បាន ពីមន្ទីរពេទ្យដទៃក៏បាន»។

បច្ចេកវិទ្យាឌីជីថល បានជួយទីក្រុងក្នុងការរៀបចំតុលាការ តាមអ៊ិនធើណេតដំបូងបង្អស់របស់ប្រទេសចិន។ ប្រជាជនលែងត្រូវការបង្ហាញខ្លួន ក្នុងតុលាការដើម្បីស្តាប់សវនាការទៀតហើយ។ កត្តានេះជួយកាត់បន្ថយការចំណាយ និងពេលវេលា។

ការផ្លាស់មុខមាត់ថ្មីរបស់ក្រុង ហាងចូវ ឱ្យទៅជាទីក្រុងឌីជីថល និងឆ្លាតវ័យ គឺជាគំរូមួយសម្រាប់ទីក្រុងឯទៀត ទាំងនៅប្រទេសចិន និងនៅបរទេស ឱ្យអនុវត្តតាម។ ក្រុមហ៊ុនបច្ចេកវិទ្យា បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសេវាកម្មសាធារណៈ។ ជាឧទាហរណ៍ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន អាលីបាបា បានអភិវឌ្ឍប្រព័ន្ធប្រាជ្ញាសិប្បនិម្មិតមួយ ដែលហៅថា ខួរក្បាលទីក្រុង ឬ City Brain ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ ដោយសហការជាមួយប៉ូលីសមូលដ្ឋាន។

លោក មីន វ៉ាន់លិ ប្រធានអ្នកវិទ្យាសាស្ត្រ នៅក្រុមហ៊ុន Alicloud នៃក្រុមហ៊ុនអាលីបាបា បានថ្លែងថា «ប្រព័ន្ធនេះ អាចកាត់បន្ថយពេលធ្វើដំណើរ ក្នុងតំបន់អាជីវកម្មរបស់ទីក្រុងបាន ១៥%។ ពួកយើងក៏អាចកាត់បន្ថយពេលធ្វើដំណើរ របស់រថយន្តសង្រ្គោះបន្ទាន់ បានជាងពាក់កណ្តាលផងដែរ។ យើងអាចសម្រេចវាបាន ដោយប្រើប្រព័ន្ធខួរក្បាលទីក្រុង ដែលមានមុខងារព្យាករណ៍ស្ថានភាពចរាចរណ៍ នាពេលខាងមុខ នៅទទូទាំងទីក្រុង។»

ដោយមានជំនួយពីទិន្នន័យធំ និងបច្ចេកវិទ្យាផ្ទុកទិន្នន័យក្នុង Cloud ប្រព័ន្ធខួរក្បាលទីក្រុងនេះ នឹងមិនត្រឹមតែសម្រួលចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រាប់ដល់អាជ្ញាធរ អំពីរបៀបគ្រប់គ្រងថាមពល សន្តិសុខ និងសុវត្ថិភាពសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងតំបន់ទីប្រជុំជន។

បើតាមការឲ្យដឹងពី លោក មីន កត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់ជាច្រើន សម្រាប់ការកសាងទីក្រុងឆ្លាតវ័យ គឺត្រូវប្រើទិន្នន័យធំឱ្យអស់លទ្ធភាពរបស់វា ដែលនេះត្រូវការឱ្យមានការសហការខ្ពស់ ពីការរៀបចំរបស់រដ្ឋាភិបាលនិងក្រុមហ៊ុនបច្ចេកវិទ្យា។ លើសពីនេះ ទីក្រុងឆ្លាតវ័យទាំងអស់ គឺត្រូវបានកំណត់ឱ្យប្រើសេវាកម្មបច្ចេកវិទ្យាទំនើបៗ ដើម្បីធ្វើឲ្យការរស់នៅរបស់មនុស្ស កាន់តែមានភាពងាយស្រួលនិងសប្បាយរីករាយជាងមុន៕ (សារព័ត៌មាន CCTV របស់ចិន)