(ប៉េកាំង)៖ សារព័ត៌មាន​រដ្ឋចិន China Daily នៅថ្ងៃចន្ទនេះ​បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ​មួយគ្រឿងបាន​ធ្លាក់នៅក្បែរស្ពាន​មួយកន្លែង ស្ថិតនៅភាគខាងជើង​ទីក្រុងប៉េកាំង​នៅម៉ោង ១១៖០០នាទីព្រឹកមិញនេះ។ នេះបើតាម​ការចេញផ្សាយ​បន្តដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម China Daily ក្រុមអ្នក​ជួយសង្រ្គោះ និងក្រុមពន្លត់អគ្គិភ័យ​បានធ្វើដំណើរទៅកាន់កន្លែង​កើតហេតុភ្លាមៗ ខណៈ មូលហេតុធ្លាក់​កំពុងស្ថិតនៅក្រោម​ការស៊ើបអង្កេត។ ដោយឡែក​មនុស្ស ០៤នាក់ ដែលជិះ​នៅលើ​ឧទ្ធម្ភាគចក្រ Bell 429 របស់​ក្រុមហ៊ុន Reignwood Star Aviation បានរងរបួស និងត្រូវបញ្ជូន​ទៅកាន់មន្ទីរ​ពេទ្យ​ភ្លាម។

គួររំលឹកថា កាលពីខែមិថុនា ឧទ្ធម្ភាគចក្រជួយសង្រ្គោះមួយគ្រឿងបានធ្លាក់នៅឯទីក្រុង Kunming នៃខេត្ត Yunnan ភាគនិរតី​ប្រទេសចិន បានផ្ដាច់ជីវិត​មនុស្ស ០៣នាក់៕