(ឥណ្ឌូណេស៊ី)៖ អាជ្ញាធរគ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី បាន​រាយការណ៍​ថា ចំនួនមនុស្ស​ស្លាប់ដោយសារតែ​គ្រោះរញ្ជួយដី​កំរិត ៦.៤រ៉ិចទ័រ បាន​វាយប្រហារ​លើកោះ លុមបុក (Lombok) ដែលជាគោលដៅ​ទេសចរណ៍មួយ​ដ៏សំខាន់ កាលពីព្រឹក​ថ្ងៃអាទិត្យ បានកើន​ដល់ ១៤នាក់ និង ១៦២នាក់​ទៀត​រងរបួស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​សា្ទបស្ទង់ភូមិសាស្ត្រ​អាមេរិក USGS គ្រោះរញ្ជួយដី​ខាងលើបានកើត​ឡើងនៅ​ម៉ោង ៦៖៤៧​នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅ​ក្នុងតំបន់) តែមួយម៉ោងប៉ុណ្ណោះ​បន្ទាប់ពី​គ្រោះរញ្ជួយដី​កម្រិត ៥.៤រ៉ិចទ័រ​ មួយផ្សេងទៀត​វាយប្រហារ​លើតំបន់​ដដែល។

USGS បានឱ្យដឹង​ទៀតថា គ្រោះរញ្ជួយដីនេះ​មានជម្រៅរញ្ជួយ ០៧គីឡូម៉ែត្រ​ទៅក្នុងដី និងស្ថិត​នៅចំងាយ ៤៩.៥គីឡូម៉ែត្រ ពីភាគឦសានទីក្រុង​ម៉ាតារ៉ាម (Mataram) នៃកោះ Lombok ហើយមិនតែប៉ុណ្ណោះ វាក៏បានបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង​នៅក្នុងតំបន់ ផងដែរ៕