(កាលីហ្វ័រញ៉ា)៖ អាជ្ញាធរអាមេរិក បានឱ្យដឹងថា កុមារ០២នាក់ និងជីដូនរបស់ពួកគេម្នាក់ បានស្ថិតនៅក្នុងចំណោមជនរងគ្រោះ ទាំង០៥នាក់ ដែលបានស្លាប់ដោយសារតែភ្លើងឆេះព្រៃនៅឯតំបន់ Shasta ភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ទីភ្នាក់ងារពន្លត់អគ្គិភ័យពីរនាក់ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ហើយ មនុស្ស១៧នាក់ផ្សេងទៀតបានបាត់ខ្លួន ខណៈមនុស្ស ៣៧,០០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ ភ្លើងឆេះព្រៃ ឈ្មោះថា Carr បានចាប់​ផ្តើមឆាបឆេះឡើង​​កាលពីដើមសប្តាហ៍នេះ ដោយវាបានដុតបំផ្លាញ​​ផ្ទៃដីទំហំជាង ៤៨,០០០ហិកតា និងសំណង់​អគាររាប់សិបខ្នង ព្រមទាំង​​ជិត ៥,០០០ខ្នងទៀត កំពុងស្ថិតក្រោម​ការគំរាមកំហែង​​ដោយ​​​ភ្លើង​ឆេះព្រៃនេះ។

គួរបញ្ជាក់ថា ប្រតិបត្តិការ​ ដើម្បីពន្លត់ភ្លើង​ឆេះ​ព្រៃ​​ដ៏សន្ធោរសន្ធៅនេះវិញ គឺកំពុងមានការ​ចូលរួមពី​ភ្នាក់ងារពន្លត់​អគ្គីភ័យ​ជាង ១,៧០០នាក់ រួមជាមួយ​រថយន្ត​​​ពន្លត់អគ្គីភ័យ​​រាប់រយ​គ្រឿង​ និង​ឧទ្ធម្ភាគចក្រ​ ១០គ្រឿង៕