(ម៉ូស្គូ)៖ ភាគហ៊ុនរបស់ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter បានធ្លាក់ចុះ​ដល់ទៅ ២១ភាគរយ បន្ទាប់ពី​បណ្តាញ​ដែលសង្គមមានមូលដ្ឋាន​នៅ​អាមេរិកមួយនេះ បានរាយការណ៍ពី កំណើននៃភាពអវិជ្ជមាន​របស់អ្នកប្រើប្រាស់ នៅក្រោយការសម្រេច​ចិត្តដាក់ចេញ​​វិធានការ​កម្ចាត់គណនី​​ក្លែងក្លាយ ឬ Fake Account។ នេះបើតាមក្រុមសង្កេតទីផ្សារហ៊ុន ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃ​សៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨។

វែបសាយ Market Watch បានឲ្យដឹងថា តម្លៃរបស់​ភាគហ៊ុន​ Twitter គឺត្រឹម ៣៤.១៣ដុល្លារ ក្នុងមួយហ៊ុនប៉ុណ្ណោះ ដែលនិយាយរួម​គឺជាការ​ខាត​បង់​មូលធន​ទីផ្សារ​ប្រមាណ ៦.៦​ពាន់លានដុល្លារ។ កាលពីពីរសប្តាហ៍មុន​នាយក ​Twitter ដែលទទួល​បន្ទុក​លើបញ្ហាទំនុកចិត្ត​​ និងសុវត្ថិ​ភាព​​​បានប្រកាសថា ខ្លួននឹងចាប់ផ្តើមលុប​​ Account ក្លែងក្លាយដោយស្វ័យប្រវត្តិ​​រាប់សិបលានគណនី ដែលត្រូវបាន​បង្កើត​ឡើង​ដើម្បី​បង្កើត​ឥទ្ធិពល​បោកប្រាស់នៅលើ​បណ្តាញសង្គម។

ចំណែកនៅប៉ុន្មានថ្ងៃមុននេះ ក៏មានសេចក្តីរាយការណ៍ផងដែរថា ក្រុមហ៊ុន Twitter កំពុងដាក់កំហិត​​ទៅលើលទ្ធភាពរបស់អ្នកប្រើ​ប្រាស់ ក្នុងការស្វែងរក​​គណនី​របស់​អ្នកនយោបាយល្បីៗ​នៃ​គណបក្សសាធារណរដ្ឋ​របស់អាមេរិក។ Twitter បានចេញមុខទាត់ចោល​​ការលើកឡើងដែលថា ខ្លួនបានប្រើប្រាស់ការអនុវត្តន៍បែបនេះ ដែលគេហៅថា ការហាមឃាត់​ដោយ​លាក់កំបាំង។

គួរជម្រាបថា ការធ្លាក់ចុះនៃ​ភាគហ៊ុនរបស់ Twitter បានកើតឡើង ទោះបីជាប្រាក់​ចំណូល​របស់បណ្តាញ​​សង្គមនេះ មានការកើន​ឡើង​​ខ្ពស់ជាប់ៗគ្នា​សម្រាប់​០៣ ត្រីមាសកន្លងទៅ​​ ជាមួយ​​ថវិកាដល់ទៅ ១៣៤លានដុល្លារ​​ក៏ដោយ។ ទន្ទឹមនឹងនេះ Facebook ដែល​ជា​បណ្តាញ​​សង្គមយក្សមួយដែរនោះ ក៏បានជួបប្រទះ​ការធ្លាក់ចុះភាគហ៊ុន ១៩ភាគរយ ដែលស្មើនឹងការ​ខាតបង់ក្នុងតម្លៃទីផ្សារ​ជាង ១០០ពាន់លានដុល្លារ​ផងដែរ៕