(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា​មណ្ឌលបន្ទាយមានជ័យ និងលោកស្រី ម៉ៅ​ ម៉ាល័យ​ បានដឹកនាំសមាជិកសមាជិកា យុវជនរាប់ពាន់នាក់ ដង្ហែរក្បួនថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨ នៅបន្ទាយឆ្មារ​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃកម្ពុជា និងប្រធានគណបក្ស​ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងប្រធានកិត្តិយសគណបក្ស​។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិកសមាជិកាគណបក្ស និងជនរួមជាតិទាំងអស់ ដែលតែងផ្តល់យុត្តិធម៌ ផ្តល់ជំនឿ ផ្តល់ការគាំទ្រ មានឆន្ទៈ និងសកម្មភាពដ៏ឧត្តុង្គឧត្តម្ត ដែលជាប្រភពកម្លាំងធ្វើឱ្យគណបក្សប្រជាជនដឹកនាំដោយសម្តេចតេជោ ​ហ៊ុន​ សែន​ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍកសាងជាតិបានរីកចម្រើន​តាំងពីគំនរផេះផង់ រហូតមានអ្វីគ្រប់យ៉ាងដូចបច្ចុប្បន្ន​ ជាមួយនឹងការដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។

ជាមួយគ្នានេះ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្ថែមថា​ សម្បត្តិធម្មជាតិ​ និងកេរ្ត៍ដំណែលដូនតារត្រូវបានជួសជុលកែលម្អឡើងវិញឲ្យនៅគង់វង្សដើម្បីទុកជាកេរ្ត៍សម្រាប់កូនចៅយើងគ្រប់ជំនាន់តទៅ។

ជាថ្មីម្តងទៀត​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានអំពាវនាវអោយសមាជិកគណបក្សប្រជាជននិងប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាបាចផ្កា​ លំដាប់លេខរៀងទី២០នៅក្នុងសន្លឹកឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ២០១៨​ ខាងមុខ​ បន្តសន្តិភាព​ និងការអភិវឌ្ឍរុងរឿង​​ «គណបក្សប្រជាជនឈ្នះ​ ប្រជាជនកម្ពុជាជាអ្នកឈ្នះ​»៕