(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនលក់ទំនិញ​អនឡាញដ៏ល្បីល្បាញ Amazon របស់អាមេរិក ដែលដឹកនាំដោយកំពូលមហាសេដ្ឋីលេខ ១ លើលោក​គឺលោក ចេហ្វ បេសូហ្វ (Jeff Bezos) បានចេញ​របាយការណ៍​ឲ្យដឹងថា ខ្លួនទទួល​បានប្រាក់​​ចំណេញ​​ដល់ទៅ​ជាង ២ពាន់លានដុល្លារ សម្រាប់​ត្រីមាសទី ២ នាឆ្នាំនេះ ដែលហួសពី​ការរំពឹងទុក​របស់ទីផ្សារ។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងរបាយការណ៍​មួយស្តីពីលទ្ធផល​ហិរញ្ញវត្ថុ សម្រាប់​ត្រីមាស​ទីពីរ​ឆ្នាំ២០១៨ ដែលបញ្ចប់​ទៅកាលពីថ្ងៃទី៣០ ខែមិថុនា Amazon បានឲ្យដឹងថា​ប្រាក់ចំណេញ​របស់ខ្លួន​មានការកើន​ឡើងដល់ ២.៥ពាន់លានដុល្លារ ធៀបនឹងចំនួន ១៩៧លានដុល្លារ ក្នុងរយៈពេល​ដូច​គ្នា​​កាលពីឆ្នាំមុន។ សម្រាប់តម្លៃហ៊ុន​ក្នុងមួយហ៊ុន​វិញ គឺ Amazon មានតម្លៃ​ ៥.០៧ដុល្លារ លើសពីការប៉ាន់ស្មាន​​របស់ផ្សារហ៊ុន Wall Street ទ្វេដងទៅទៀត។

គួរជម្រាបថា ក្រុមហ៊ុនលក់ទំនិញ​អនឡាញដ៏ធំសម្បើមនេះ មានការគ្រប់ដណ្តប់​ស្ទើរតែជិត ៥០ភាគរយ ទៅលើការជាវ​ទំនិញតាម​​​ប្រព័ន្ធ​អ៊ីនធើណែត នៅទូទាំង​សហរដ្ឋអាមេរិក និងជាក្រុមហ៊ុនលក់​ទំនិញអនឡាញធំជាងគេបំផុត នៅលើពិភពលោក​យើងនេះ​ផងដែរ៕