​(យូអិន)៖ អង្គការ​សហប្រជាជាតិ (UN) បានជម្រុញឱ្យ​បណ្ដាប្រទេសជា​សមាជិកទាំងអស់ បង់ប្រាក់កតាព្វកិច្ច​របស់ខ្លួនក្នុងនាមជា​សមាជិក ខណៈអង្គការពិភពលោកមួយនេះ​កំពុងប្រឈមមុខនឹង​កង្វះ​ថវិកា។ នេះបើតាម​អ្នកនាំពាក្យ​អគ្គលេខាធិការ (​UN) ដក ស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។

យោងតាមអ្នកនាំ​ពាក្យ​អគ្គលេខាធិការ UN លោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) មានតែប្រទេស​ចំនួន ១១២ប៉ុណ្ណោះ ក្នុងចំណោម ១៩៣ ប្រទេសដែល​ជាសមាជិក UN បានបង់ប្រាក់​កាតព្វកិច្ចរបស់ខ្លួនហើយលោកថា បញ្ហាកង្វះថវិកា​នេះកំពុងកើតឡើងនៅ​ក្នុងឆ្នាំ២០១៨ ​នេះតែម្តង។

សហរដ្ឋអាមេរិក​ដែលជាអ្នកផ្ដល់ថវិកា​ច្រើនជាងគេរបស់ UN មិនបានបង់ប្រាក់​កាតព្វកិច្ចរបស់ខ្លួនទៀតឡើយ ប៉ុន្តែលោក Dujarric បាន​និយាយថា UN មិនចង់ចង្អុលម្រាមដៃ​ដាក់ប្រទេសណាមួយ​នោះទេ ពីព្រោះប្រទេសនី​មួយៗមានសារពើពន្ធ​ប្រចាំ​ឆ្នាំផ្សេងៗពីគ្នា។

គួរបញ្ជាក់ថា បើតាម​លោក Stephane Dujarric កញ្ចប់ថវិកា UN​ សម្រាប់២០១៨ និង២០១៩ មានប្រហែល ៥.៤ពាន់លានដុល្លារ។ រីឯសហរដ្ឋអាមេរិក គឺជាប្រទេស​ចូលរួមវិភាគទានធំ​ជាងគេបំផុត តាមពីក្រោយ​ដោយជប៉ុន ចិន អាល្លឺម៉ង់ បារាំង និងអង់គ្លេស ហើយការចូលរួមចំណែក​របស់ប្រទេសទាំង ០៦នេះ ស្មើនឹងថវិកា​ច្រើនជាងពាក់កណ្ដាល​នៃកញ្ចប់​ថវិកា UN៕