(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង​នៅថ្ងៃសុក្រនេះបានរាយការណ៍ថា យន្ដហោះដឹកអដ្ឋិធាតុ​កងទ័ពអាមេរិក ដែលបានស្លាប់នៅ​ក្នុងសម័យ​សង្រ្គាមកូរ៉េ បានត្រឡប់មក​កាន់មូលដ្ឋានទ័ព​អាកាស Osan ប្រទេសកូរ៉េខាងត្បូង​ហើយ។ នេះបើតាមការចេញផ្សាយដោយ យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។

ការធ្វើមាតុភូមិនិវត្តន៍​អដ្ឋិធាតុកងទ័ព​អាមេរិក ដែលបានស្លាប់ក្នុង​សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) គឺជាផែ្នកមួយនៃ​កិច្ចព្រមព្រៀង ដែលបានធ្វើឡើង​រវាងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ក្នុងប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១២ ខែមិថុនា​កន្លងទៅ។

ម្យ៉ាងវិញទៀត បើទោះជាមិនបានបញ្ជាក់ពីចំនួនអដ្ឋិធាតុកងទ័ព​អាមេរិកក៏ដោយ តែ យ៉ុនហាប់ ធ្លាប់បាន​រាយការណ៍ថា កូរ៉េខាងជើង​នឹងប្រគល់អដ្ឋិធាតុ​កងទ័ព​អាមេរិក ៥៥នាក់ ឱ្យសហរដ្ឋអាមេរិក​វិញ​នៅថ្ងៃសុក្រនេះ ចំថ្ងៃនៃការ​ប្រារព្ធខួបលើក​ទី ៦៥ នៃការចុះហត្ថលេខាលើបទឈប់បាញ់​​ឆ្នាំ១៩៥៣។

គួរជម្រាបថា បើតាមការ​គ្រោងទុក​ក្រោយពេលមកដល់មូលដ្ឋានទ័ព​កូរ៉េខាងត្បូង Osan អដ្ឋិធាតុកងទ័ព​អាមេរិក នឹងត្រូវគេវិភាគ DNA មុននឹងបញ្ជូន​បន្តទៅកាន់​រដ្ឋហាវ៉ៃ កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក នៅខែសីហា៕