(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានព្រមាន​​ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ​​លើប្រទេស​តួកគី បើសិនជា​ទីក្រុង​​អង់ការ៉ា មិនព្រមដោះ​លែងលោកឪនៃសាសនាគ្រិស្ដអាមេរិកម្នាក់ ដែលកំពុងជាប់​ឃុំនៅក្នុងប្រទេសតួកគី​ទេនោះ។ នេះបើតាម​ការចេញ ផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់​នៅលើ Twitter នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹង​ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ​ លើប្រទេសតួកគី​សម្រាប់ការឃុំខ្លួន លោក​អាចារ្យ អាន់ឌ្រូ ប្រាន់សុន (Andrew Brunson) អស់រយៈពេល​ជាយូរមកនេះទាំង​ដែលលោក មិនបានប្រព្រឹត្ត​កំហុសអ្វីទាល់​តែសោះ។ គាត់គួរតែត្រូវបាន​ដោះលែង​ជាបន្ទាន់»។

តែយ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​ប្រធានាធិបតី​តួកគីលោក អឺដូហ្កាន់ បានចាត់ទុកថា ការព្រមានរបស់​លោក ត្រាំ គឺជារឿង​មិនអាច​ទទួលបាន ក៏ដូចជានឹងបំផ្លាញ​ដល់សម្ព័ន្ធភាព​រវាងតួកគី និងអាមេរិកផងដែរ។ «សហរដ្ឋអាមេរិក​ត្រូវពិចារណា​ឡើងវិញ ចំពោះ​សំណើរបស់ខ្លួន និងអនុម័ត​គោលជំហរមួយ​ប្រកបដោយ​លក្ខណៈ​ស្ថាបនា មុននឹងសម្រេច​ចិត្តបំផ្លាញផល​ប្រយោជន៍ខ្លួន​ឯង និង​សម្ព័ន្ធភាព​ជាមួយ​តួកគី»។ នេះជាការលើកឡើង​របស់អ្នកនាំពាក្យលោក អឺដូហ្កាន់ គឺលោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin)។

គួរបញ្ជាក់ថា ការព្រមានរបស់​លោក ដូណាល់ ត្រាំ កើតមានឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការតួកគី​បង្គាប់ឱ្យឃុំខ្លួន​អាចារ្យ Andrew Brunson នៅក្នុងផ្ទះ ក្រោយត្រូវបាន​ឃុំខ្លួនអស់រយៈពេល ២១ខែមកនេះ ពីបទមានជាប់ពាក់ព័ន្ធ​នឹងសកម្មភាព ភេរវកម្ម៕