(ពិភពលោក)៖ កិច្ចប្រជុំកំពូលលើកទី១០ ឆ្នាំ២០១៨ របស់ BRICS ដែលកំពុងត្រូវបានរៀបចំឡើងក្នុងទីក្រុង Johannesburg ប្រទេស អាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ កំពុងទទួលបានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដោយសារតែភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលលោកក្នុងពេលអនាគត។

ពិភពលោកបច្ចុប្បន្ន កំពុងជួបប្រទះនូវបញ្ហាជាច្រើនដូចជា ភាពក្រីក្រ វិបត្តិខ្វះស្បៀងអាហារ និងភាពអត់ការងារធ្វើ រួមទាំងបញ្ហាដែលបង្កនូវក្តីបារម្ភរួមដូចជាភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកគ្មានតុល្យភាពជាដើម។

ដូច្នេះតើក្រុមប្រទេសជាសមាជិក BRICS ដែលក្នុងនោះរួមមាន ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នឹងដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច? ហើយតើយើងរំពឹងអ្វីខ្លះពីកិច្ចប្រជុំកំពូលនេះ?

១៖ រក្សាស្ថិរភាព សន្តិសុខសកល ក្រោមស្រមោលលោកដូណាល់ត្រាំ

សហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ អាចជាមូលហេតុមួយជ្រុង ដែលបង្កបញ្ហាប្រឈមដល់ស្ថិរភាពសកលលោក។ ជាក់ស្តែង បន្ទាប់ពីការកាន់អំណាច មេដឹកនាំរូបនេះ ចាប់ផ្តើមបង្កការប៉ះទង្គិចផ្នែកពាណិជ្ជកម្មជាមួយប្រទេសចិន និងសហភាពអឺរ៉ុបហើយបានដកខ្លួនចេញពីបណ្តាអង្គការអន្តរជាតិសំខាន់ និងសន្ធិសញ្ញាជាច្រើនដូចជា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងអង្គការយូណេស្កូជាដើម។

ទង្វើរបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យស្ថានភាពសកលលោកប្រែប្រួល និងមិនអាចព្យាករណ៍ទុកជាមុនបានឡើយ ហើយប្រទេសទាំងអស់ក្នុងនោះរួមទាំងប្រទេសជាសមាជិក BRICS អាចនឹងរងផលប៉ះពាល់ដូចគ្នា។ ទោះជាយ៉ាងណាភាពមិនប្រាកដប្រជារបស់សហរដ្ឋអាមេរិក អាចបង្កើតឱកាស សម្រាប់ប្លុក BRICS នេះ តួនាទីជាអ្នកថែរក្សាស្ថិរភាពពិភពលោកវិញ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Lin Songtian បាននិយាយថា មហាអំណាចមួយនេះកំពុងស្វែងរករបបឯកតោភាគី របបការពារនិយម និងការផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកបានចង្អុលបង្ហាញថា "បណ្តាប្រទេសជាសមាជិករបស់ BRICS ត្រូវបញ្ជូនសញ្ញានៃយុត្តិធម៌ ច្បាប់ ភាពយុត្តិធម៌ និងផលប្រយោជន៍រួមដល់ពិភពលោក"។ លោកបាននិយាយថា គោលដៅខាងលើនឹងសម្រេចបាននៅក្នុងបរិបទនៃ "ទសវត្សរ៍មាសទី២ នៃកិច្ចសហប្រតិបត្តិការ" ដោយប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្ដរជាតិ ដើម្បីអនាគតរួមល្អប្រសើរជាងមុនប្រកបដោយយុត្តិធម៌ និងសមធម៌" ។

២៖ បង្កើនកិច្ចសហការរវាងបណ្តាប្រទេស ជាសមាជិករបស់ BRICS

លោកស៊ីជីនពីង ប្រធានាធិបតីចិន បានចង្អុលបង្ហាញថាបណ្តាប្រទេសជាសមាជិករបស់ BRICS ប្រៀបបាននឹងម្រាមដៃទាំងប្រាំ ដែលម្រាមដៃនីមួយៗ មានចំណុចខ្លាំងរៀងៗខ្លួន។ នៅពេលដែលម្រាមទាំងប្រាំរួមកម្លាំងគ្នា អាចបង្កើតជាកណ្តាប់ដៃដែលមានកម្លាំងដ៏ខ្លាំងដែលអាចបំបាក់សត្រូវបាន។
ក្នុងឆ្នាំ២០១៧ BRICS ដំណាងអោយចំនួន២៣ភាគរយនៃសេដ្ឋកិច្ចពិភពលោក និង១៦ភាគរយ នៃពាណិជ្ជកម្មពិភពលោក។ បណ្តាប្រទេស BRICS មិនត្រឹមតែជាយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មពហុភាគីអន្តរជាតិដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាដៃគូពាណិជ្ជកម្មជិតស្និទ្ធគ្នាទៅវិញទៅមកផងដែរ។

យោងតាមគេហទំព័រជាផ្លូវការរបស់ BRICS ឆ្នាំ២០១៨ បានបញ្ជាក់អោយដឹងថា ក្រុមនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ កិច្ចប្រជុំកំពូលក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការ BRICS លើវិស័យថ្មីៗមួយចំនួនរួមមាន ការថែរក្សាសន្តិភាព ការស្រាវជ្រាវផលិតវ៉ាក់សាំង បញ្ហាយេនឌ័រ ទេសចរណ៍ និងបដិវត្តន៍ឧស្សាហកម្មទី៤។

៣៖ ឱកាសសម្រាប់តំបន់អាហ្វ្រិក

សម្រាប់កិច្ចប្រជុំឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវឱកាសដ៏ល្អសម្រាប់តំបន់អាហ្វ្រិក។
ក្នុងនាមជាប្រទេសអាហ្វ្រិកតែមួយគត់ដែលជាសមាជិករបស់ BRICS និងជាម្ចាស់ផ្ទះ ព្រមទាំងជាប្រធាន BRICS នៅឆ្នាំ២០១៨នេះ អាហ្វ្រិកខាងត្បូងនឹងកំណត់ទិសដៅ ដើម្បីជំរុញកំណែទម្រង់សេដ្ឋកិច្ចរបស់អាហ្វ្រិក។ កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ឱកាសដល់ប្រទេស អាហ្វ្រិកខាងត្បូង និងប្រទេសនៅអាហ្រ្វិក ដើម្បីរៀនពីការអនុវត្តល្អបំផុតក្នុងភាពជាសហគ្រិន និងការច្នៃប្រឌិតពីបណ្តាប្រទេស BRICS ។

៤៖ ជំរុញការបដិវត្តន៍ឧស្សាហកម្មទី៤

ចំណុចសំខាន់ដែលទាមទារការផ្តោតការយកចិត្តទុកដាក់មួយទៀត នៃកិច្ចប្រជុំកំពូល BRICS លើកទី១០ គឺបដិវត្តន៍ឧស្សាហកម្មទី៤ ដែលនឹងក្លាយជាប្រធានបទនៃកិច្ចប្រជុំកំពូលនៅឆ្នាំ២០១៨ នេះ។ ប្រទេស អាហ្វ្រិកខាងត្បូង បានស្នើនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេស BRICS ដើម្បីជំរុញយុទ្ធសាស្ត្រក្នុងភាពជាដៃគូសេដ្ឋកិច្ចរបស់ BRICS ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការជំរុញបដិវត្តន៍ឧស្សាហកម្មទី៤។

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា បកប្រែចេញពីគេហទំព័រ៖ CGTN