(ប៉ារីស)៖ ​យន្តហោះ​​ជើងហោះហើរ CA876 របស់ក្រុមហ៊ុនអាកាសចរណ៍ចិន Air China បានប្រកាសអាកាសន្ន និងបានបក​មក​ធ្វើ​ការ​ចុះ​ចត ដោយឥតព្រៀងទុក នៅឯអាកាសយានដ្ឋាន Charles de Gaulle Airport នាទីក្រុងប៉ារីស ប្រទេសបារាំងវិញ បន្ទាប់ពី​ទទួល​បាន​ព័ត៌​មាន​មួយ ស្តីពីសកម្មភាពភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន China Daily នាយប់ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

​បើតាម​ការបញ្ជាក់ពីអាកាសចរណ៍ខាងលើផ្ទាល់ យន្តហោះ Air China CA876 ដែលមានគោលដៅ ឆ្ពោះមកកាន់ទីក្រុងប៉េកាំង ប្រទេសចិន បានហោះហើរចេញពីទីក្រុងប៉ារីស ហើយបានវិលត្រឡប់មកកាន់ រដ្ឋធានីរបស់បារាំងវិញ បន្ទាប់ពីទទួលបានការសារ​​គំរាមពីអំពើភេរវកម្ម។

គួរជម្រាបថា យ៉ាងណាមិញ បើតាមការអះអាងពី Air China ជើងហោះហើរនោះ បានចុះចតនៅប៉ារីសវិញដោយសុវត្ថិភាព ហើយ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ ពុំបានជួបគ្រោះថ្នាក់អ្វីឡើយ។ ទន្ទឹមនឹងនេះ អាកាសចរណ៍ Air China បានឲ្យដឹងថាខ្លួននឹងរៀបចំ​ជើងហោះហើរ​​​ថ្មីឲ្យបានឆាប់ៗតាមតែអាចទៅរួច៕