(ឡាវ)៖ មន្ត្រីម្នាក់មក​ពីក្រុមហ៊ុនថាមពល សេពាន-សេណាំណយ (Xe Pian-Xe Namnoy Power Company) បានឱ្យដឹងថា ក្រុមហ៊ុនមួយនេះ​នឹងទទួលខុសត្រូវ យ៉ាងពេញលេញដោយអនុឡោមតាមច្បាប់ និងកិច្ចព្រមព្រៀង​សម្បទាន លើផលប៉ះពាល់បង្ក​ឡើងដោយការបាក់ទំនប់​វារីអគ្គីសនី ដែលបានបង្ក​ជាទឹកជំនន់ និងការបំផ្លិចបំផ្លាញ​ក្នុងស្រុកសាណាំសាយ (Sanamxay) នៃខេត្ត អាត់តាពើ (Attapeu) ប្រទេសឡាវ។ នេះបើតាម​​ការចេញផ្សាយ​ដោយសារព័ត៌មាន The Nation នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

ការអះអាង​បែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល​ឡាវ លោក ខាំមែនី អ៊ីនធីរ៉ាត់ (Khammany Inthirath) បានអះអាងថា ក្រុមហ៊ុនមិនអាច​បដិសេធ​ក្នុងការ​ទទួលខុ​សត្រូវ លើទឹកជំនន់ដែលបង្ក​ឡើងដោយសារបាក់​ទំនប់​វារីអគ្គីសនីរបស់ខ្លួន​បានឡើយ។ «ពាក់​ព័ន្ធនឹងបញ្ហា​សំណងខ្ញុំចង់ប្រាប់ថា ផ្អែកលើកិច្ចព្រមព្រៀង​សម្បទាន រាល់ឧទ្ទវហេតុ​មានទាក់ទិននឹងសំណង់​ទំនប់វារីអគ្គិសនី គឺជា ទំនួលខុសត្រូវ​ទាំងស្រុងរបស់អ្នក​អភិវឌ្ឍន៍គំរាង ១០០ភាគរយ»។ នេះគឺជាការគូស​បញ្ជាប់របស់​លោក Khammany Inthirath។ ប៉ុន្តែមកទល់​នឹងពេលនេះ ខាងក្រុមហ៊ុនមិនទាន់​ចេញសេចក្ដីថ្លែងការណ៍​ជាសាធារណៈ និងផ្លូវការណាមួយ​នៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុនម៉ៅការសាងសង់ទំនប់វារីអគ្គីសនី​ចំនួន ០២ របស់កូរ៉េខាងត្បូង បានបញ្ជាក់ដែរថា ពួកគេបាន​រាយការណ៍ពីការ​ខូចខាត​មួយថ្ងៃមុនពេលផ្នែកមួយចំនួន នៃទំនប់វារី​អគ្គីសនី Xe-Namnoy បានបាក់​កាលពីថ្ងៃចន្ទ។ ប៉ុន្តែ​នៅតែមាន​បញ្ហាក្នុង ការព្រមាន និងជម្លៀសប្រជាជន​ទៅកន្លែងមាន​សុវត្ថភាព​មុននឹងទប់នេះ​បាក់៕