​(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​មានផែនការបង្កើនវត្តមាន​កងទ័ពអាមេរិក ២,៥០០នាក់ ឱ្យឈរជើងនៅ​ក្នុងប្រទេសអូស្រ្ដាលី​ ដើម្បី​ទប់ទល់នឹងឥទ្ធិពល​របស់ចិន ដែលទីក្រុង​វ៉ាស៊ីនតោនមើលឃើញថា ជាការគំរាមកំហែង​ធ្ងន់ធ្ងរដល់​ឥទ្ធិពលរបស់ខ្លួន​ក្នុងនាមជា មហាអំណាច​លេខមួយនៅលើ​ពិភពលោក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅ​ល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

ចំនួនកងទ័ពអាមេរិក​នៅក្នុងប្រទេស​អូស្ត្រាលី មានការកើនឡើង​យ៉ាងឆាប់រហ័ស គិតចាប់តាំងពីកងទ័ព​អាមេរិកប្ដូរវេន​ ២៥០នាក់​ដំបូង ត្រូវបានបញ្ជូនមក​កាន់អូស្ត្រាលី កាលពីឆ្នាំ២០១២។ បច្ចុប្បន្ន​សហរដ្ឋអាមេរិក​មានកងទ័ព ១,៥០០នាក់ កំពុងឈរជើង​នៅឯ​មូលដ្ឋានទ័ព Marine Rotational Force-Darwin ក្នុងទីក្រុង ដរវីន (Darwin) ស្ថិតនៅដែនដីភាគ​ខាងជើង​​នៃប្រទេស​អូស្ត្រាលី ជាមួយ​បរិក្ខាយោធា និងយន្ដហោះ​ចម្បាំងជាច្រើន។ ក៏ប៉ុន្តែ​បន្ទាប់ពីជំនួបរវាង​មន្ត្រីកំពូល​អាមេរិក និងអូស្រ្ដាលី​ក្នុងសប្ដាហ៍នេះ ក្រសួងការពារជាតិ​អាមេរិកបានអះអាង​ថា ខ្លួនមានផែនការ​បង្កើនវត្តមាន​កងទ័ពរបស់ខ្លួន​រហូតដល់ ២,៥០០នាក់ ក្នុងពេល​ឆាប់ៗ​នេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក​​បានដាក់​ពង្រាយ​​កងទ័ព ២២,០០០នាក់ នៅលើ​កោះ​អូគីណាវ៉ា ប្រទេស​ជប៉ុន ៧,០០០នាក់ នៅលើកោះហ្កាំ និង ២៨,៥០០នាក់ នៅ​ប្រទេស​កូរ៉េខាងត្បូង។ បន្ថែមពីលើនេះ​កងទ័ពអាមេរិក​ ក៏នឹងបញ្ចូល​អូស្រ្ដាលី ឱ្យចូលរួម​ក្នុងការ​ធ្វើសមយុទ្ធយោធា​មួយក្នុងពេល​ឆាប់ៗនេះ ដែលនឹងត្រូវធ្វើ​ឡើងក្នុង​ប្រទេស​ហ្វីជី (Fiji), សាម៉ូវ សូឡូម៉ុន (Samoa Solomon), ប៉ាពួញូហ្គីណេ (Papua New Guinea), តុងហ្គា (Tonga) និង វ៉ានួទូ (Vanuatu)៕