(វ៉ាស៊ីនតោន)៖ កំណើន​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Facebook បានធ្លាក់ចុះខុសពីការ​រំពឹងទុក​នៅក្នុងទីផ្សារ​ភាគហ៊ុន​អាមេរិក Wall Street នៅថ្ងៃពុធ​សប្ដាហ៍នេះ (ម៉ោងនៅ​អាមេរិក) មកនៅត្រឹម ១៣.២៣ពាន់លានដុល្លារ សម្រាប់​ត្រីមាសទី ២ ក្នុង​ឆ្នាំ២០១៨នេះ ដែលពីមុខត្រូវបានគេរំពឹង​ថា នឹងមានកំណើន ១៣.៣៦ពាន់លានដុល្លារ បើ​ទោះ​ជាប្រាក់​​ចំណូល​កើនដល់ ៤២ភាគរយ ធៀបទៅនឹង​រយៈពេលដូចគា្ន​កាលពី​ឆ្នាំ២០១៧ ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន Facebook រកបាន​ប្រាក់ចំណូល ១៣.០៤ពាន់​លានដុល្លារ ពីការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬកើនឡើង ៤២ភាគរយ បើធៀបទៅនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៧ ដែលមាន រកបានប្រាក់​ចំណូលត្រឹមតែ ៩.១៦ពាន់លានដុល្លារ​ប៉ុណ្ណោះ។

លើសពីនេះទៅទៀត​របាយការណ៍ដដែលក៏​បានឱ្យដឹងដែរថា ការផ្សព្វផ្សាយ​ពាណិជ្ជកម្មលើទូរស័ព្ទ​​ គឺបាននាំមុខគេក្នុងការរក​ប្រាក់ចំណូល​ជាង ៩១ភាគរយ នៃផលចំណេញ​បានមកពីការផ្សាយ​ពាណិជ្ជកម្មរបស់ Facebook​ ហើយក៏ស្ថិតនៅក្នុង​កាលៈទេសៈនៃការរឹតបន្តឹងខ្លាំងផងដែរ ទៅលើបែបបទ​នៃការផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

គួរបញ្ជាក់ថា បើតាម Facebook ចំនួនអ្នកប្រើប្រាស់​សកម្មប្រចាំថ្ងៃ​របស់ខ្លួនគឺមាន ១.៤៧ពាន់លាននាក់ ក្នុងឆ្នាំ២០១៨នេះ ឬកើន​ឡើង ១១ភាគរយ ប៉ុន្តែវានៅតិចជាង​ការរំពឹងដែលថា អាចនឹង​កើនដល់ ១.៤៩ពាន់​លាននាក់៕