(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាន​បង្ហាញការ​ប្តេជ្ញាសហការ​ជាមួយសភា​អាមេរិក ដើម្បីរៀបចំ​​សេចក្តីព្រាង​ទណ្ឌកម្មថ្មីមួយ ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី ក្រោយពីលោកបាន​ប្រកាសទាត់ចោល​​​ការគ្រប់គ្រង​លើ​តំបន់គ្រីមៀ​របស់​រុស្ស៊ី​។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងអំឡុងនៃការផ្តល់​សក្ខីកម្ម នៅចំពោះ​មុខគណៈកម្មាធិការ​ទំនាក់ទំនង​កិច្ចការបរទេស​នៃព្រឹទ្ធសភា​អាមេរិក លោក Pompeo បានឲ្យ​​ដឹងថា រូបលោក​នឹង​គាំទ្រ​​យ៉ាងពេញ​ទំហឹង​ចំពោះ​សេចក្តីព្រាង​​ទណ្ឌកម្មនេះ ដើម្បីឲ្យ​រុស្ស៊ីទទួល​ខុសត្រូវចំពោះ​ទង្វើរបស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​ទៅជុំវិញពិភពលោក។ លោក​រដ្ឋមន្រ្តី​ការបរទេសអាមេរិក បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន​នឹងគ្មានថ្ងៃទទួល​ស្គាល់​​ការគ្រប់​គ្រង​របស់វិមានក្រឹមឡាំង​ លើ​តំបន់គ្រីមៀ​នោះឡើយ។

គួរជម្រាបថា ទំនាក់ទំនងរវាង​ប្រទេសមហាអំណាចយោធាកំពូលទាំងពីរ​បានធ្លាក់ចុះដុនដាប​ដោយសារតែ​​បញ្ហាអ៊ុយក្រែន ស៊ីរី អ៊ីរ៉ង់ ការបំពុល​​​ដោយអាវុធគីមី​​ដោយអតីត​ចារជនរុស្ស៊ី​នៅចក្រភពអង់គ្លេស និង​រឿងអាស្រូវ​ដែលចោទថា រុស្ស៊ីចូលលូកលាន់​ក្នុងកិច្ចការបោះឆ្នោត​អាមេរិក កាលពីឆ្នាំ២០១៦។ ​​ដោយសារតែ​ការដាក់បញ្ចូន​គ្រីមៀជាតំបន់របស់ខ្លួន រុស្ស៊ីត្រូវបាន​បណ្តេញចេញពី​ក្រុម​ប្រទេសសេដ្ឋកិច្ច​កំពូលទាំង ០៨ ឬ G8 កាល​ឆ្នាំ២០១៤ ថែមទៀតផង ក្រៅពីការទទួលរង​ទណ្ឌកម្មពីអាមេរិក និងអឺរ៉ុប៕