(ហាណូយ)៖ គ្រោះទឹក​ជំនន់ និងគ្រោះរអិល​បាក់​ដី ដែលបង្កឡើង​ដោយ​ព្យុះទីហ្វុង​កំណាច សុនទិញ (Son Tinh) បានសម្លាប់​​មនុស្សកើនឡើងដល់ ២៩នាក់ហើយ ខណៈមនុស្ស​០៥នាក់ទៀតបាត់ខ្លួន នៅឯតំបន់​ភាគ​កណ្ដាល និងភាគខាងជើង​​ប្រទេស​​វៀតណាម។ នេះបើតាម​​អាជ្ញាធរ​វៀតណាម ដកស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

អាជ្ញាធរគ្រប់គ្រង​​គ្រោះមហន្តរាយ​វៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ​បានឱ្យដឹងទៀតថា នៅក្នុងចំណោម​​ជនរងគ្រោះ​ទាំង ២៩នាក់ មាន ១៥នាក់ ជាអ្នកស្រុករស់​នៅក្នុងខេត្តយេនបៃ (Yen Bai), ០៦នាក់រស់នៅក្នុងខេត្តសុនឡា (Son La), ០៣នាក់​មកពីខេត្តភូថូ (Phu Tho), ០៣នាក់មកពីខេត្តថាញ់ហាវ (Thanh Hoa) ភាគកណ្ដាល​នៃប្រទេស, ម្នាក់ទៀតមកពីខេត្តហាវប៊ិញ (Hoa Bin) និងម្នាក់​ទៀតមកពីខេត្តឡាវកៃ (Lao Cai)។ ចំណែកឯ​អ្នកបាត់ខ្លួន ០៥នាក់ ​គឺស្ថិតនៅក្នុងខេត្ត Yen Bai និងខេត្ត Phu Tho។

គួរជម្រាបថា បើតាមអាជ្ញាធ​វៀតណាម​ផ្ទះជាង ២៤០ខ្នងត្រូវបាន​បំផ្លាញ ហើយ ៦,៩០០ខ្នង​ត្រូវជន់លិច ខណៈសត្វ​ពាហនៈ ៦៥,០០ក្បាល និងមាន់ទាច្រើន​ជាង ១១៥,០០០ក្បាល ត្រូវងាប់។ មិនតែ​ប៉ុណ្ណោះ ដីស្រែ ៦,២០០ហិកតា ក៏ត្រូវបានបំផ្លាញ និង​៨១,០០០ហិកតាត្រូវ​ជន់លិច​ផងដែរ។ អាជ្ញាធរវៀតណាម​បានឲ្យដឹងទៀតថា ភ្លៀងធ្លាក់ខ្លាំង​នឹងរាលដាលទៅភាគ​ខាងត្បូងប្រទេស នៅចុង​ឆ្នាំ២០១៨៕