(វ៉ាស៊ីនតោន)៖ ក្រោយមានការព្រមានតម្លើងពន្ធពីសហភាពអឺរ៉ុប នៅទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើ ឱ្យមានការលុបចោលទៅវិញទៅមកលើការតម្លើងពន្ធ និងរបាំងពាណិជ្ជកម្ម នៅក្នុងការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបក្នុង គោលបំណងផ្ដល់នូវការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ថ្លែងបែបនេះ មុននឹងលោកត្រូវជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាការអឺរ៉ុប លោក Jean-Claude Juncker ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ ថ្លែងនៅលើ Twitter ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«​សហភាពអឺរ៉ុប កំពុងធ្វើដំណើរមកកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃស្អែកនេះ (ថ្ងៃពុធ) ដើម្បីចុះកិច្ចព្រម ព្រៀងពាណិជ្ជកម្ម។ ខ្ញុំមានគំនិតមួយសម្រាប់ពួកគេ នោះគឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គួរតែលុបចោលការតម្លើងពន្ធ  និងរបាំងពាណិជ្ជកម្ម ដាក់គ្នាទៅវិញទៅមក ដើម្បីធ្វើពាណិជ្ជកម្មដោយយុត្តិធម៌...»។

គួរបញ្ជាក់ថា ប្រធានសភាអាមេរិក លោក Paul Ryan ក៏បានបង្ហាញពីក្ដីសង្ឃឹមផងដែរថាភាពតានតឹងផ្នែកពាណិជ្ជកម្មបច្ចុប្បន្ន រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងត្រូវបិទបញ្ចប់តាមរយៈការលុបចោលរបាំងពាណិជ្ជកម្ម និងការតម្លើងពន្ធដាក់គ្នាទៅ វិញទៅមក៕