​(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ហាឡេយ (Nikki Haley) បានរិះគន់យ៉ាងខ្លាំងលើបណ្ដា​ប្រទេសអារ៉ាប់ និងប្រជាជាតិអ៊ីស្លាមមួយចំនួនថា បានតែនិយាយ តែមិនបាន​ផ្ដល់ជំនួយគ្រប់គ្រាន់​ ដល់ប្រជាជនប៉ាឡេស្ទីននោះទេ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ UN ស្ដីពីតំបន់​មជ្ឈិមបូព៌ា នៅថ្ងៃអង្គារ​សប្ដាហ៍នេះ (ម៉ោងនៅអមេរិក) លោក​ស្រី Nikki Haley បាននិយាយ​ដោយត្រង់ៗ​តែម្ដងថា ប្រទេសដូចជា អេហ្ស៊ីប គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម អាល់ហ្សេរី ទុយនីស៊ី តួកគី ប៉ាគីស្ថាន អូម៉ង់ អ៊ីរ៉ង់ និងតួកគី ពោលគឺប្រទេស​ជាសមាជិកអង្គការកិច្ច​សហប្រតិបត្តិការ​អ៊ីស្លាម OIC មួយចំនួនធំមិន​បានផ្ដល់​ជំនួយគ្រប់គ្រាន់ ​ដល់ប្រជាជនប៉ាឡេស្ទីន​នោះទេ។

លោកស្រី Haley បានលើក​ឡើងយ៉ាងដូច្នេះថា «ពាក្យសម្ដីនិយាយ​នៅទីនេះ ក្នុង ទីក្រុង​ញូយ៉ក មិនអាចចិញ្ចឹម​ផ្ដល់សម្លៀក​បំពាក់ ឬការអប់រំដល់​កុមារប៉ាឡេស្ទីន​សូម្បីតែម្នាក់... ចំណែកឯ យើងវិញ​បានផ្ដល់ជំនួយច្រើន​ជាង ១២៥លានដុល្លារ​កាលពីឆ្នាំមុន ដែល នេះឱ្យយើង​ជឿជាក់ថា យើងបានឆ្លើយតបគ្រប់គ្រាន់ដល់ប្រជាជន​ប៉ាឡេស្ទីន ដែលត្រូវការ​ជំនួយជា​ចាំបាច់»។

តែទោះជាយ៉ាង​នេះក្ដី តំណាង​ប៉ាឡេស្ទីន​ប្រចាំ UN លោក រីយ៉ាដ ម៉ាន់សួរ (Riyad Mansour) បានចាត់ទុកថា ការលើកឡើងរបស់លោកស្រីអគ្គរដ្ឋទូតអាមេរិករូបនេះ គឺ​ជាការប្រមាចដល់សម្ព័ន្ធមិត្ត​អាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោនខ្លួនឯង​បានប្រកាស​កាត់បន្ថយជំនួយ​ជាង ៦០លានដុល្លារ ពី​កញ្ចប់ជំនួយ ៣៦៥លានដុល្លារ ដែលបាន​សន្យានៅក្នុង​ឆ្នាំ២០១៨នេះ៕