(សេអ៊ូល)៖ ខណៈពេលនេះ​ប្រជាជននៅក្នុងប្រទេស​កូរ៉េខាងត្បូង កំពុងជួបប្រទះ​បញ្ហាលំបាកខ្លាំង ក្នុងការដោះស្រាយ​​ចំពោះ​ការ​កើន​ឡើងកម្តៅខ្ពស់​ខុសពី​ធម្មតា។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី​សារព័ត៌មានចិន CGTN នៅព្រឹក​ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ​២០១៨។

សីតុណ្ហភាពនៅតាម​តំបន់ភាគអាគ្នេយ៍ នៃប្រទេស​កូរ៉េខាងត្បូងបានហក់ឡើងដល់ ៤០អង្សាសេ កាលពីថ្ងៃអង្គារ​ម្សិលមិញ ខណៈ​រដ្ឋា​ភិបាលទីក្រុងសេអ៊ូល​បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែង​​ឲ្យអស់ពីលទ្ធភាព ដើម្បី​ទប់ទល់នឹងលក្ខខណ្ឌ​អាកាសធាតុ ដែលក្តៅ​ហួតហែង​​​នេះ។

គួរជម្រាបថា រលកកម្តៅខាងលើ​ក៏កំពុង​បង្កក្តីកង្វល់ជុំវិញ​ការផ្គត់ផ្គង់​​ថាមពល​​ផងដែរ ខណៈដែល​ប្រជាពលរដ្ឋ​កូរ៉េ បានស្ទុះទៅ​ប្រើ​ប្រាស់​ម៉ាស៊ីនត្រជាក់ ព្រមទាំង​ប្រព័ន្ធកាត់​បន្ថយកម្តៅ​ឯទៀតៗ។ ជាមួយគ្នានេះ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាន​បង្គាប់ឲ្យ​មន្រ្តី​ពាក់ព័ន្ធទាំងអស់ ដាក់បញ្ចូលបញ្ហាកើនឡើង​កម្តៅ ទៅក្នុងប្រព័ន្ធប្រកាស​អាសន្ន​​គ្រោះមហន្តរាយជាតិ​ថែមទៀត។ យ៉ាងណាមិញ នាពេលកន្លង​មកនេះ មនុស្សយ៉ាងតិច​ចំនួន ១០នាក់ ក៏បានបាត់បង់ជីវិត​ផងដែរ ដោយសារជំងឺដែល​បង្ក​ឡើងពីរលកកម្តៅ ​​នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង៕