(អាមេរិក)៖ ស្ថានីយទូរទស្សន៍​អាមេរិក CNN បានចេញផ្សាយ​ខ្សែអាត់សំឡេង​​សម្ងាត់​​​នៃការពិភាក្សា​រវាង​​លោក ដូណាល់ ត្រាំ ដែល​កាលនោះ​នៅជាបេក្ខភាពប្រធានាធិបតី​អាមេរិក និងមេធាវី​របស់លោក គឺ​លោក ម៉ៃខឺល ខូហិន (Michael Cohen) ជុំវិញមធ្យោបាយ​ដើម្បីទិញយក​​សិទ្ធិ ​​នៃរឿងរ៉ាវរបស់តារាម៉ូដែលទស្សនាវត្តី Playboy ម្នាក់ (បំបិទមាត់) ស្តីពីទំនាក់ទំនង​ស្នេហា​របស់លោក ត្រាំ ជាមួយរូបនាង​តាំងតែពីយូរមក​ហើយ។ នេះ​បើ​តាមការដក​ស្រង់ការផ្សាយ​ចេញពី​វែបសាយរបស់ CNN នៅព្រឹក​ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

ខ្សែអាត់សំឡេង​ខាងលើនេះ បានបង្ហាញឲ្យសាធារណៈជន​ដឹងលឺនូវចំណុច​ចំនួននៃ​កិច្ចពិភាក្សា​សម្ងាត់នេះ​រវាង​​លោក ដូណាល់ ត្រាំ និងលោក Cohen ហើយវាគឺជា​ភស្តុតាងជាក់​ស្តែងថា លោក ត្រាំ ដែលបច្ចុប្បន្ន​កំពុងអង្គុយក្នុង​សេតវិមាននោះ ពិតជាបានដឹង​បានលឺ​​​​​​អំពីសំណើ​នៃការទិញសិទ្ធិលើរឿងរ៉ាវ​របស់​​នាង ការែន ម៉ាកឌួហ្គាល់ (Karen McDougal) ​​​ជាស្រ្តីម្នាក់​ដែល​បានអះអាងថា ធ្លាប់មានទំនាក់​ទំនង​​ស្នេហា​​ជាមួយ​លោក ដូណាល់ ត្រាំ តាំងតែពីមួយ​ទសវត្សរ៍​មកម្ល៉េះ។​​

ការទិញសិទ្ធិនេះ គឺចង់សំដៅទៅលើ​ការបង្កើតកិច្ចព្រមព្រៀង​មួយនាង Karen McDougal ដើម្បីកុំ​ឲ្យរឿងរ៉ាវ ដែលនាងធ្លាប់ប្រព្រឹត្ត​ជាមួយលោក ដូណាល់ ត្រាំ ត្រូវលេចធ្លាយ​ជាសាធារណៈ មិនខុសពីអ្វីដែល​ធ្លាប់បានទម្លាយ​​ដោយតារាភាពយន្ត​អាសអាភាស​មួយរូបទៀត​គឺនាង ស្តរមី ដានីញែល (Stormy Daniel) នោះ​ឡើយ។

យ៉ាងណាមិញ ខ្សែអាត់សំឡេងនេះ​ពុំអាចត្រូវស្តាប់លឺ​ច្បាស់ថា តើលោក ត្រាំ បានផ្តល់ការ​​យល់ព្រម ចំពោះការទិញ​សិទ្ធិ​​រឿង​រ៉ាវ​ខាង​លើដែរ ឬក៏អត់នោះឡើយ។ ជាមួយគ្នា​នេះដែរ​លោក រូឌី ហ្គូលានី (Rudy Giuliani) ដែលជាមេធាវី​របស់លោក​ប្រធានាធិបតី​បានឲ្យដឹងថា ពុំមានការ​ទូទាត់ប្រាក់​ណាមួយជុំវិញ​រឿងនេះ ត្រូវបានធ្វើ​ឡើងពីសំណាក់​លោក ដូណាល់ ត្រាំ ឡើយ។

គួរជម្រាបថា ខ្សែអាត់សំឡេង​ខាងលើ ដែលត្រូវបានថត​​ដោយ​​លោក Michael Cohen នោះ​ត្រូវបានប្រគល់មកឲ្យ​​ស្ថានីយទូរទស្សន៍​ CNN តាមរយៈមេធាវី​របស់លោក Cohen ហើយការជជែកគ្នា​នេះ បានកើតមានឡើងកាល​ពីខែកញ្ញា ឆ្នាំ២០១៦ ពោលគឺ​នៅប៉ុន្មាន​ខែ​មុនការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក៕