(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះ ថាខ្លួនកំពុងពិចារណាលើគំរោងដកកងទ័ព និងបរិក្ខា យោធាមួយចំនួន ចេញពីតំបន់នៅតាមបណ្ដោយតំបន់ព្រំដែនគ្មានយោធាជាប់ជាមួយកូរ៉េខាងជើង អនុឡោមតាមកិច្ចព្រមព្រៀង ជាប្រវត្តិសាស្រ្តកាលពីខែមេសា រវាងមេដឹកនាំនៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងដូច្នេះថា៖«ដើម្បីប្រែក្លាយតំបន់ព្រំដែនគ្មានយោធា ឱ្យក្លាយទៅជាតំបន់សន្តិភាព ស្របទៅតាមសេចក្ដីថ្លែងការណ៍រួម Panmunjom ក្រសួងការពារជាតិកំពុងពិចារណាលើគំរោងមួយ ក្នុងការដកកងទ័ព និងបរិក្ខាយោធាជាជំហានៗ នៅពេលអនាគត»។

សូមជម្រាបថា ការប្រកាសពីគំរោងដកកងទ័ពរបស់កូរ៉េខាងត្បូង​ កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមបំផ្លាញទីតាំងធ្វើតេស្ដបាញ់គ្រាប់រ៉ុក្កែត Sohae ស្ថិតនៅភាគអាគ្នេយ៍ប្រទេសជាកិច្ចអនុវត្តតាមកិច្ចព្រមព្រៀងនៅក្នុង ប្រទេសសិង្ហបុរី រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕