(តូក្យូ)៖ អតីតរដ្ឋមន្ត្រី​ការបរទេសជប៉ុន​លោក ហ្វ៊ូមីអូ គីហ្ស៊ីដា (Fumio Kishida) ទំនងជានឹងមិនអាច​ក្លាយជា​បេក្ខភាពមួយរូប ​ក្នុងចំណោម​បេក្ខភាព​សំខាន់ៗ​ផ្សេងទៀត ដែលនឹងមានឱកាសចូលប្រកួតប្រជែង​ការបោះឆ្នោត​នៅខែកញ្ញា ឆ្នាំ២០១៨ ដើម្បីដណ្តើម​តំណែងជានាយករដ្ឋមន្ត្រី​អាណត្តិថ្មីនោះ​ឡើយ។ នេះបើ​តាមការ​ចេញ​ផ្សាយ​ដោយ Channel News Asia នារសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

បច្ចុប្បន្ននេះ​លោក Kishida មានតួនាទីជាប្រធាន​ការិយាល័យ​នយោបាយ នៃគណបក្ស LDP (សេរីនិយម​ប្រជាធិបតេយ្យ) ខណៈលោក ស៊ីនហ្សូ អាបេ ដែលជា​ប្រធាន​បក្ស​នេះ ត្រូវបាន​គេរំពឹងទុករួច​ហើយថា នៅតែអាចបន្តធ្វើជាមេដឹកនាំ​បក្សនេះតទៅទៀត ដើម្បីចូល​រួមប្រកួតប្រជែង​យកតំណែងនាយករដ្ឋមន្ត្រីជប៉ុន ក្នុងការបោះឆ្នោត​អាណត្តិថ្មី ដែលនឹងឈាន​មកដល់ ​តែជាង​១ខែទៀតតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមអ្នកវិភាគ​នយោបាយរបស់​ជប៉ុន លោក Kishida ស្ថិតនៅ​ក្នុងបញ្ជី​នៃបុគ្គលមួយ​ចំនួន ដែលមានឱកាស​ច្រើនក្នុងការឡើងធ្វើ​ជា​ប្រធានបក្ស​ជំនួស​លោក អាបេ ខណៈអតីតរដ្ឋមន្ត្រីការបរទេស​លោក ហ្ស៊ីហ្គឺរុ អ៊ីហ្ស៊ីបា (Shigeru Ishiba), រដ្ឋមន្ត្រី​មហាផ្ទៃ​លោក សៃកូ ណូដា (Seiko Noda) និងរដ្ឋមន្ត្រី​ការបរទេស​លោក តារ៉ូ កូណុ (Taro Kono) ក៏ដូចគ្នា​ផងដែរ។

បើតាមច្បាប់របស់ប្រទេសជប៉ុន ប្រធានបក្ស​មួយដែលទទួល​បានជ័យជម្នះក្នុង​ការ​បោះឆ្នោត ឬទទួលបានសំឡេងភាគ​ច្រើននៅក្នុងសភា (ទោះ​បីជាក្នុងរដ្ឋាភិបាល​ចំរុះក៏​ដោយ) នោះ​នឹងក្លាយជានាយករដ្ឋមន្ត្រីដោយស្វ័យ​ប្រវត្តិតែម្តង៕