(យូអិន)៖ ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ បានជម្រុញ​ជាថ្មីឱ្យរដ្ឋាភិបាល​មីយ៉ាន់ម៉ា​បង្កើនកិច្ចខិត​ខំប្រឹងប្រែង​ ដោយជួយសម្រួលឱ្យ​ជនជាតិដើម​ភាគតិច​រ៉ូហ៊ីងយ៉ា អាចត្រឡប់​ទៅផ្ទះសម្បែងរបស់ពួក​គេ​វិញក្នុងរដ្ឋ Rakhine ដោយ​សុវត្ថិភាព និងស័្មគ្រ ចិត្ត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

ការអំពាវនាវនេះ​ធ្វើឡើងនៅក្នុងកិច្ចប្រជុំ​បិទទា្វរមួយ​ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ហើយនាឱកាស​នោះសមាជិក​ទាំង ១៥ នៃក្រុមប្រឹក្សា​សន្តិសុខ ក៏បានស្នើផងដែរ​ឱ្យមានការផ្ដល់ជំនួយ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបន្ថែម ក៏ដូចជាការជួយ​សម្រួល និងធ្វើយ៉ាង​ណាអាចឱ្យជនជាតិរ៉ូហ៊ីងយ៉ា ត្រឡប់ទៅផ្ទះ​របស់ពួកគេ​ក្នុងរដ្ឋ រ៉ាឃីន (Rakhine) វិញ។

គួររំលឹកថា កាលពី​ខែសីហា ឆ្នាំ២០១៧ ក្រុមសកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ា ត្រូវបានរដ្ឋាភិបាល​មីយ៉ាន់ម៉ា​ចោទប្រកាន់ថា បានវាយប្រហារ​លើយោធា​របស់ខ្លួន ជាហេតុបង្ខំឱ្យយោធា​ត្រូវតែធ្វើប្រតិបត្តិការ​ឆ្លើយតប ដើម្បីការពារ​ជនស៊ីវិល។ ប៉ុន្តែទន្ទឹមគ្នាក្រុមអង្គការសិទ្ធិ​មនុស្សជាច្រើនបានចោទថា យោធាមីយ៉ាន់ម៉ា បានចូលរួម​ក្នុងការរៀបចំផែនការ​ សម្លាប់ជនជាតិដើម​ភាគតិចកំសត់​ជាងគេ នៅលើពិភពលោក​មួយនេះ​ជាប្រព័ន្ធ និងបង្ខំឱ្យមនុស្ស​ជាង ៧០០,០០០នាក់ រត់ភៀសខ្លួន​ទៅកាន់តំបន់ព្រំដែន​ ជាប់ប្រទេស​បង់ក្លាដែស៕