(ប៉េកាំង)៖ រដ្ឋធានីប៉េកាំង​នៃប្រទេសចិន ព្រមទាំងក្រុងធានជីន (Tianjin) និងខេត្ត ហេប៊ៃ (Hebei) កំពុងត្រៀមទទួលរងឥទ្ធិពល​ភ្លៀង​ធ្លាក់ខ្លាំង​នាថ្ងៃចន្ទ ​​និងថ្ងៃអង្គារសប្តាហ៍ ដោយសារតែព្យុះ​ទីហ្វុងឈ្មោះថា អម្ពិល (Ampil)។ នេះបើតាម​ទីភ្នាក់ងារឧតុនិយម​ប្រចាំ​ក្រុងប៉េកាំង​ ដកស្រង់​ខ្លឹមសារ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។

ដើម្បីត្រៀមឆ្លើយតប​ចំពោះស្ថានការណ៍នេះ អាជ្ញាធរ​ទីក្រុងប៉េកាំង បានចេញសារ​ព្រមានឲ្យ​ប្រុង​ប្រយ័ត្ន ចំពោះគ្រោះរអិលបាក់ដី​នៅ​តាមតំបន់ភ្នំ ដែលអាចបង្ក​ឡើងពីព្យុះ​ទីហ្វុងអម្ពិល។ កាលពីយប់ម្សិលមិញ សារប្រុងប្រយ័ត្ន​កម្រិតពណ៌​លឿង (កម្រិតទីពីរ) ​ក៏​ត្រូវ​បាន​ដាក់​ចេញផងដែរ​​សម្រាប់​ភ្លៀង​​ធ្លាក់​​ដោយថា​ទីតាំងជាច្រើន រួមមានតំបន់​ស្វយ័តក្វាងស៊ី (Guangxi), ខេត្ត ក្វាងទុង (Guangdong), ហៃណាន (Hainan), ជាំងស៊ូ (Jiangsu), និងសានទុង (Shandong) នឹង​ត្រូវទទួលរង​​ការធ្លាក់ភ្លៀងយ៉ាងជោគជាំ។

គួរជម្រាបថា អម្ពិលដែលជាព្យុះទីហ្វុងទី ១០ សម្រាប់ឆ្នាំ២០១៨នេះ បានបោកបក់មក​ដល់ក្រុងសៀងហៃ ភាគខាងកើត​ប្រទេសចិន កាលពីរសៀល​ថ្ងៃអាទិត្យម្សិលមិញ និងបានបង្ខំឲ្យ​មនុស្សជិត ០២សែននាក់ ផ្លាស់ទីទៅកាន់​កន្លែង​សុវត្ថិភាព៕