(តូក្យូ)៖ សីតុណ្ហភាព​នៅ គូម៉ាហ្គាយ៉ា (Kumagaya) ជាទីក្រុងមួយស្ថិតនៅខេត្ត សៃតាម៉ា (Saitama) ក្បែរទីក្រុងតូក្យូ បានកើនឡើងដល់ជាប់​​កំណត់ត្រា​​ដ៏ខ្ពស់​​​​ នោះគឺ ៤១.១អង្សាសេ នារសៀល​ថ្ងៃចន្ទ​សប្តាហ៍នេះ។ នេះបើតាម​ការចេញ​ផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​ឧតុនិយមជប៉ុន JMA សីតុណ្ហភាពខាង​លើក៏ជាអត្រាខ្ពស់បំផុត នៅទូទាំងប្រទេស​អាស៊ីខាងកើតនេះ​ផងដែរ និង​បាន​​ទទូចឲ្យ​ប្រជាជន​មានការប្រុង​ប្រយ័ត្ន ចំពោះការឈឺ​ថ្កាត់ផ្សេងៗ ដែលអាចបង្ក​ឡើងដោយរលក​កម្តៅនេះ ដូចជាការឡើង​កម្តៅខ្លាំងក្នុងរាងកាយ​ និងខ្សោះជាតិ​ទឹកជាដើម។

គួរជម្រាបថា នាពេលប៉ុន្មាន​សប្តាហ៍កន្លង​ទៅនេះ បន្ទាប់ពីកើត​មានគ្រោះមហន្តរាយ​ទឹកជំនន់យ៉ាងអាក្រក់ រលកកម្តៅ បាននិងកំពុង​​វាយលុកលើ​​ប្រទេសជប៉ុន ដែលរហូតបាន​បណ្តាលឲ្យ​មនុស្សកើន​ដល់ជាង ៤០នាក់ស្លាប់ និង​រាប់ម៉ឺននាក់​ត្រូវសម្រាកព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ៕