(ភ្នំពេញ)៖ អ្នកជំនាញផ្នែកកសិកម្ម មកពីប្រទេសចិន បាននិងកំពុងជួយដល់កសិករកម្ពុជាទូទាំងប្រទេស ដើម្បីធ្វើឲ្យមានភាពប្រសើរឡើងនូវ ជំនាញធ្វើកសិកម្មរបស់គាត់។ 

នៅឯមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មកម្ពុជា-ចិន (CAPROC) ក្នុងទីក្រុងភ្នំពេញ កសិករក្នុងស្រុកត្រូវបានបង្រៀនពីរបៀបផ្សេងៗ នៃការធ្វើកសិកម្ម រាប់ចាប់តាំងពីការប្រើប្រាស់ម៉ាស៊ីន រហូតដល់ការថែទាំកូនសំណាប និងការដាំដុះបន្លែបង្ការផ្សេងៗ។ ទោះជាយ៉ាងណា ឧបសគ្គផ្នែកភាសាបានបង្កការរាំងស្ទះខ្លះៗ ដល់ប្រសិទ្ធភាពនៃវគ្គបណ្ដុះបណ្ដាលនោះ។

លោក ហ័ង វិនគ័ង អ្នកជំនាញខាងម៉ាស៊ីនកសិកម្មក្នុងប្រទេសចិន បានថ្លែងថា «នៅពេលដែលយើងចាប់ផ្តើមដំបូង ពួកយើងមានអ្នកបកប្រែមកជួយ។ ប៉ុន្តែ អ្នកបកប្រែពុំសូវស្គាល់ពីដំណើរការ នៃការធ្វើកសិកម្ម ហើយពួកគាត់មិនសូវចេះពាក្យបច្ចេកទេស ដែលយើងប្រើនោះទេ»

ដើម្បីផ្លាស់ប្តូរនូវស្ថានការបែបនេះ លោក ហ័ង និងក្រុមអ្នកជំនាញរបស់លោក បានចាប់ផ្តើមរៀនភាសាខ្មែរដោយខ្លួនឯង។

លោក ហ័ង វិនគ័ង បានថ្លែងថា «សុភាសិតចិនលើកឡើងថា មនុស្សដែលមានវ័យលើសពី៤០ឆ្នាំឡើងទៅ មិនអាចរៀនជំនាញថ្មីឡើយ។ ប៉ុន្តែខ្ញុំសព្វថ្ងៃអាយុ៥០ឆ្នាំទៅហើយ ហើយខ្ញុំនៅតែរៀនភាសាខ្មែរ។ ការចងចាំរបស់ខ្ញុំសព្វថ្ងៃមិនសូវល្អដូចក្មេងៗនោះទេ ដូច្នេះខ្ញុំត្រូវតែប្រឹងឲ្យខ្លាំង ដើម្បីទន្ទេញមេរៀនប្រចាំថ្ងៃ»

បន្ថែមពីនេះទៅទៀត ពួកគេក៏បានបង្រៀនភាសាចិន ទៅដល់កសិករខ្មែរផងដែរ ដោយសារតែឧបករណ៍ និងជីរភាគច្រើនដែលពួកគេប្រើប្រាស់ គឺនាំមកពីប្រទេសចិន។

លោក ពៅ មករា កសិករខ្មែរបាននិយាយថា «ការដែលខ្ញុំធ្វើការជាមួយគាត់ គឺការងារគាត់បង្ហាញចំគោលដៅយើង។ គាត់អត់មានលាក់លៀមបច្ចេកទេសអីទេ។ យើងមើលទៅ ទិន្នផលស្រូវកើនរហូត។ នៅពេលរៀនចេះ [ភាសាចិន] ទៅ យើងស្រណុកទំនាក់ទំនងជាមួយគាត់។ របស់ណាដែលយើងមិនស្គាល់ ឬយើងត្រូវស្នើគាត់អ្វីមួយ យើងចេះនិយាយទៅកាន់គាត់ ដូច្នេះគាត់ដឹង»

ជាយូរមកហើយប្រទេសកម្ពុជា បាននាំចូលបន្លែជាច្រើន ដោយសារតែផលិតកម្ម ក្នុងស្រុកមានភាពយឺតយ៉ាវ។ ប៉ុន្តែតាមរយៈការខិតខំប្រឹងប្រែង ពីសំណាក់ក្រសួងកសិកម្ម និងការគាំទ្រពីអ្នកជំនាញកសិកម្ម គេរំពឹងថានឹងអាចបង្កើនកម្រិតផលិតកម្ម និងកាត់បន្ថយការចំណាយរបស់ប្រទេសកម្ពុជា ក្នុងការនាំចូលម្ហូបអាហារច្រើនពីក្រៅប្រទេស៕ (សារព័ត៌មាន CCTV របស់ចិន)