(សេអ៊ូល)៖ តំណាងរាស្ត្របក្សប្រឆាំងកូរ៉េខាងត្បូងដ៏ល្បីម្នាក់លោក រ៉ូ ហឺចាន់ (Roh Hoe-chan) បានលោតពីលើអគារសម្លាប់ខ្លួនឯងនៅ​ព្រឹកថ្ងៃចន្ទនេះ ខណៈលោក​កំពុងជាប់ផុងក្នុងការស៊ើបអង្កេត​ ជុំវិញការចោទប្រកាន់ថា លោកបានទទួលសំណូក​លុយ​នយោបាយខុស ច្បាប់​រាប់សិបលានវ៉ុន។ នេះបើតាមប៉ូលិសកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។

សាកសព​​លោក Roh Hoe-chan ត្រូវបានគេប្រទះ​ឃើញនៅម៉ោង​ប្រមាណ ៩៖៣៨នាទីព្រឹក នៅក្បែរច្រកចូល​អាផាតមិនមួយ ស្ថិតនៅកណ្ដាល​ទីក្រុងសេអ៊ូល។ បើតាមការសន្និដ្ឋាន​បឋមរបស់ប៉ូលិស លោក Roh ទំនងជាលោត​ពីលើអគារសម្លាប់​ខ្លួនឯង ដ្បិតពួកគេ​បានរកឃើញអាវធំមួយ​នៅជាន់ទី ១៧ និង ១៨ នៃអគារ ហើយនៅ​ក្នុងអាវធំនោះមាន​អត្តសញ្ញណប័ណ្ណ​មួយសន្លឹក និងប័ណ្ណពាណិជ្ជកម្ម ព្រមទាំង​កំណត់ហេតុមួយ​ ដែលទំនងដូចជា​លិខិតបណ្ដាំ​ចុងក្រោយ។

លើសពីនេះទៀត​នៅក្នុងលិខិតនោះ លោក Roh បានសារភាពថា លោកយល់ព្រម​ទទួលលុយរាប់​លានដុល្លារ ប៉ុន្តែមិនធ្វើយក​វាទៅប្រើប្រាស់ខុស​ច្បាប់នោះទេ ហើយ លោកក៏បាន​សូមទោសគ្រួសារ​របស់លោក​ផងដែរ។

គួរបញ្ជាក់ថា លោក Roh Hoe-chan ជាតំណាងរាស្ត្រ​មកពីគណបក្សយុត្តិធម៌ ត្រូវបានគេចោទ​ប្រកាន់ថា បានទទួលសំណូក ៥០លានវ៉ុន (៤៤,៣៣៣ដុល្លារ) ពីមនុស្សដ៏​មានឥទ្ធិពលម្នាក់​ ដែលគេស្គាល់រហស្ស​នាមថា Druking និងជាមនុស្សចម្បង​ម្នាក់នៅក្នុងរឿង អាស្រូវក្លែងបន្លំ​សាធារណៈមតិ៕