(ហ្សេរុយសាឡឹម)៖ កងទ័ពអាកាស​អ៊ីស្រាអែល បានបើកការ​វាយប្រហារតាមផ្លូវ​អាកាស លើទីតាំងចំនួន ៦៨កន្លែង របស់​ក្រុមហាម៉ាស់ នៅក្នុងតំបន់​ហ្កាហ្សា ជាការសងសឹក​ទៅនឹងការបាញ់សម្លាប់​ទាហានអ៊ីស្រាអែល​ម្នាក់។ នេះបើតាម​កងកម្លាំងការពារ​ជាតិ​អ៊ីស្រាអែល (IDF) ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មានចិន​ ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។

កងកម្លាំងការពារជាតិ​អ៊ីស្រាអែល បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍​ចេញផ្សាយ នៅថ្ងៃសៅរ៍នេះ​​យ៉ាងដូច្នេះថា «កងទ័ពអាកាស​អ៊ីស្រាអែល បានបើកការ​​វាយប្រហារ​តាម​ផ្លូវអាកាស​​លើទីតាំង ៦៨កន្លែង របស់ក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា​ជាការសងសឹក ទៅនឹងការបាញ់​សម្លាប់ទាហាន​អ៊ីស្រាអែលម្នាក់ ដោយខ្មាន់កាំភ្លើង​ប៉ាឡេស្ទីន កាលពីល្ងាច​ថ្ងៃសុក្រ»។

គួរបញ្ជាក់ថា ទាហានខាងលើ​គឺជាទាហាន​អ៊ីស្រាអែលដំបូងគេ ដែល​ត្រូវបានសម្លាប់​នៅតំបន់ហ្កាហ្សា​អំឡុងពេល​បំពេញការងារ ចាប់តាំងពី​សង្រ្គាមក្នុង​ឆ្នាំ២០១៤ មក​រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់៕