(ប៉េកាំង)៖ អាជ្ញាធរចិន​បានចេញប្រតិបត្តិការ​ក្តៅ ដោយធ្វើការបង្ក្រាប និងបោសសម្អាត​ក្រុមលក់ផលិតផល​តាមអនឡាញ​ដែលខុសច្បាប់ និងមានលក្ខណៈ​បោកប្រាស់​ ក្នុងចំនួនកើនឡើង​រហូតដល់ ៦៤.២ភាគរយ នៅរយៈពេល ៦ខែដំបូង​នៃឆ្នាំ២០១៨ បើធៀបនឹង​រយៈពេលដូចគ្នា​កាលពី​ឆ្នាំ២០១៧។ នេះបើតាម​ការចេញផ្សាយ​ដោយ ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។

បើគិតពី​ការបង្ក្រាបនោះ គឺអាជ្ញាធរបានរឹបអូស​ទ្រព្យសម្បត្តិខុស​ច្បាប់ គិតជាទឹកប្រាក់​ប្រមាណ ១១៦.៧លានយ័ន ឬស្មើនឹង ១៧.៤១លានដុល្លារ​អាមេរិក ពីក្រុម​ធ្វើពាណិជ្ជកម្ម​ដោយបំពាន​ច្បាប់ តាមប្រព័ន្ធអ៊ីធើណែត​នៅទូទាំងប្រទេស​ចិន។ សម្រាប់​ការបំពាននោះ គឺទៅលើវិស័យ​សុខាភិបាល, អចលនទ្រព្យ, ចំណីអាហារ និងអប់រំ​ជាដើម ដែលបានធ្វើការផ្សព្វផ្សាយតាម​អ៊ីនធើណែត។

គួរបញ្ជាក់ថា ការលក់​ផលិតផល និងផ្សព្វផ្សាយ​សេវាកម្មតាម​អនឡាញនៅ​ប្រទេសចិន គឺមានសភាព​កាន់តែផុសផុល​ខ្លាំង រហូតដល់​អាជ្ញាធរបានដាក់​កម្លាំងជំនាញ​ ធ្វើការគ្រប់គ្រងតាម​អ៊ីនធើណែត ដើម្បីការពារដល់​ក្រុមអ្នកធ្វើអាជីវកម្ម​ស្របច្បាប់ ដែលមានអាជ្ញា​ប័ណ្ណត្រឹមត្រូវ និងទទួលការត្រួត​ពិនិត្យជាប់ជានិច្ច​ពីអាជ្ញាធរ៕