​(ឡុងដ៍)៖ ប្រធាននិពន្ធ​នាយក​សារព័ត៌មាន Russian Today បាន​និយាយថា ប្រទេសអេក្វាឌ័រ​បានត្រៀមខ្លួនរួច​ជាស្រេចក្នុងការ​ប្រគល់លោក ជូលៀន អាស្សាង (Julian Assange) ឱ្យអាជ្ញាធរ​អង់គ្លេស ខណៈព័ត៌មាន​ពីការបណ្ដេញ​ស្ថាបនិក​គេហទំព័រ WikiLeaks រូបនេះចេញ ពីស្ថានទូតអេក្វាឌ័រ​ប្រចាំទីក្រុងឡុងដ៍ ចេះលេចលឺជា​បន្តបន្ទាប់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅរសៀល​ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។

និពន្ធ​នាយក​សារព័ត៌មាន Russian Today លោក​ស្រី ម៉ាហ្គារីតា សាយម៉ុនយ៉ាន (Margarita Simonyan) ផ្អែកលើប្រភពដែលលោកស្រីទទួលបាន បានសរសេរ​នៅលើ Twitter ដូច្នេះថា «ប្រភពរបស់ខ្ញុំ​បានប្រាប់​ខ្ញុំថា លោក Assange នឹងត្រូវប្រគល់​ឱ្យអាជ្ញាធរ​អង់គ្លេសក្នុង​ពេលប៉ុន្មានថ្ងៃ ឬសប្ដាហ៍​ខាងមុខនេះ... ប៉ុន្តែផ្ទុយពី​លើកមុនៗ ខ្ញុំសង្ឃឹមថា ប្រភពដែលខ្ញុំ​ទទួលគឺជាព័ត៌មាន​មិនពិត​ទៅចុះ»។

ការលើកឡើងរបស់​លោកស្រី Simonyan កើតមានឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មាន​អង់គ្លេស Times រាយការណ៍ថា អាជ្ញាធរបាន​ជួបប្រជុំបិទទា្វរ​ជាមួយអាជ្ញាធរ​អេក្វាឌ័រ ជុំវិញការ​បណ្ដេញ​លោក Assange ចេញពីស្ថានទូត​អេក្វាឌ័រប្រចាំ​ប្រទេស​អង់គ្លេស។

គួរបញ្ជាក់ថា លោក Julian Assange ទទួលបានសិទ្ធិ​​ជ្រកកោន​​នយោបាយ​ នៅក្នុងស្ថានទូត​​អេក្វាឌ័រ ប្រចាំ​ទីក្រុង​ឡុងដ៍​កាលពីឆ្នាំ​២០១២ ហើយការស្នាក់​នៅក្នុងទីក្រុង​ឡុងដ៍ គឺដើម្បីបញ្ជៀស​​ការធ្វើបត្យាប័ន​​ទៅកាន់​សហរដ្ឋអាមេរិក​ ក្រោយរូបលោក​ទម្លាយឯកសារសំងាត់អាមេរិក​ជាបន្តបន្ទាប់ ក្នុងនោះរួមមាន​ទាំងប្រតិបត្តិការ​សង្រ្គាម របស់​អាមេរិក​នៅអ៊ីរ៉ាក់​ផងដែរ៕