(ឡូស​អាន់ជែលឡែស)៖ ក្មេងស្រីអាយុ ០២ឆ្នាំម្នាក់ ត្រូវបានក្មេង​ប្រុសអាយុ ០៤ឆ្នាំ​ម្នាក់បាញ់សម្លាប់ដោយ​ចៃដន្យ នៅព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះ​ក្នុងទីក្រុង សាន់ប៊ឺណាឌីណូ (San Bernardino) រដ្ឋកាលីហ្វរញ៉ា (California) ភាគខាងលិច​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម​ប៉ូលិសនៅ​ក្នុងតំបន់ ក្មេងស្រីខាងលើ​បានស្លាប់មួយម៉ោង​ ក្រោយបញ្ជូន​ទៅដល់​មន្ទីរពេទ្យ ហើយការ​ស៊ើបអង្កេត​បឋម​ឱ្យដឹងថា ក្មេងប្រុសអាយុ ០៤ឆ្នាំ បានបាញ់សម្លាប់​ក្មេងស្រីរូបនេះ ដែលជាបងប្អូនជីដូន​មួយរបស់ខ្លួន នៅឯផ្ទះមួយ​កន្លែងស្ថិតនៅ​ក្នុងតំបន់ មូស្កុយ (Muscoy) នៃទីក្រុង San Bernardino រដ្ឋ California។ ប៉ុន្តែ​ព្រមពេលជាមួយគ្នា ក្មេងពេញវ័យ​ជាច្រើននាក់នៅក្នុងផ្ទះ ពេលមាន​ហេតុការណ៍បាញ់ប្រហារនេះ​កើតឡើង ត្រូវបាននាំខ្លួន​ទៅកាន់ទីស្នាក់ការ​ប៉ូលិសក្នុងតំបន់​ដើម្បី​សាកសួរ។

តែយ៉ាងណា ហេតុការណ៍បាញ់​ប្រហារទាំងចៃដន្យ ឬមិនចៃដន្យ​មិនមែន​ជា​រឿងអ្វី​ចម្លែក​នោះទេ នៅ​សហរដ្ឋអាមេរិក។ ជាក់ស្ដែងបើតាម ក្រុមអ្នកស្រាវជ្រាវ​ឯករាជ្យ Gun Violence Archive បានឱ្យដឹងថា អំពើហិង្សពាក់ព័ន្ធ​នឹងកាំភ្លើងនៅក្នុង​សហរដ្ឋអាមេរិក បានផ្ដាច់​ជីវិតមនុស្ស ៧,៩៦៥នាក់ មកទល់ពេល​បច្ចុប្បន្ននេះ ហើយក្នុង​ចំណោមអ្នកទាំងនេះ​ក៏មានកុមារ ៣៨០នាក់ អាយុក្រោម ១១ឆ្នាំ​ផងដែរ៕