(ហ្កាហ្សា)៖ អ៊ីស្រាអែល និងក្រុមហាម៉ាស់​បានព្រមព្រៀងលើ​បទឈប់បាញ់​មួយ ដើម្បីស្ដារឡើងវិញ​នូវភាពស្ងប់ស្ងាត់​នៅក្នុង​តំបន់​ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែល មិនទាន់ទទួល​ស្គាល់ការអះអាងនេះ​នៅឡើយទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅ​ព្រឹកថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រុមហាម៉ាស់​លោក ហ្វរហ្ស៊ី បាហួម (Fawzi Barhoum) នៅក្នុងបទសម្ភាសន៍​ជាមួយ Reuters​ នៅ​ថ្ងៃសៅរ៍នេះ​បានឱ្យដឹងថា បទឈប់បាញ់​មួយត្រូវបានព្រមព្រៀង​ជាមួយអ៊ីស្រាអែល តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពីកងទ័ព​អាកាស​អ៊ីស្រាអែល បើកការ វាយប្រហារ​តាមផ្លូវអាកាស​លើមូលដ្ឋានចំនួន ៤០​កន្លែង របស់ក្រុមហាម៉ាស់ នៅតំបន់​ហ្កាហ្សា។

លោក Fawzi បានលើក​ឡើងយ៉ាងដូច្នេះថា «ដោយមានកិច្ច​ខិតខំប្រឹងប្រែង​របស់អេហ្ស៊ីប និងអង្គការ​សហប្រជាជាតិ ការព្រមព្រៀងគ្នា​លើការធ្វើឱ្យស្ថានភាព​ត្រឡប់ទៅ រកភាពស្ងប់ស្ងាត់​វិញ​នៅតំបន់ហ្កាហ្សា​រវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបាន​ធ្វើឡើង»

គួរបញ្ជាក់ថា នៅ​ថ្ងៃសៅរ៍នេះ​សារព័ត៌មាន Jerusalem Post ក៏បានរាយការណ៍​ផងដែរថា អ៊ីស្រាអែល និងក្រុមហាម៉ាស់​បាន ព្រមព្រៀងលើបទ​ឈប់បាញ់មួយ​នៅតំបន់ហ្កាហ្សា។ ប៉ុន្តែអាជ្ញាធរ​អ៊ីស្រាអែល មិនទាន់ទទួល​ស្គាល់ការអះអាង​នេះ​នៅឡើយ​ទេ៕