​(ញូដេលី)៖ អ្នកទោសជាស្ត្រី ៧៨នាក់ នៅក្នុងពន្ធនាគារ​មួយនៃទីក្រុងម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារតែសង្ស័យថា បានពុលចំណីអាហារ​នៅថ្ងៃសុក្រនេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ

សារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។

មន្ត្រីពន្ធនាគារ​ជាច្រើននាក់ ថ្លែងនៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះបានឱ្យដឹងថា អ្នកទោស​ជាប់ក្នុងពន្ធនាគារ បាយខាលឡា (Byculla) ត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ​រដ្ឋជែជែ (J.J. Hospital) ក្រោយពួកគេ​រាយការណ៍ថា មានអាការៈឈឺពោះ ក្អួតចង្អោរ និងរាក តែប៉ុន្មានម៉ោង​ប៉ុណ្ណោះបន្ទាប់ពីបានហូប​អាហារពេលព្រឹក។ ដោយ​ឡែក ខាងមន្ទីរពេទ្យ​ក៏បានទទួលស្គាល់​ដែរថា មានអ្នកជំងឺ ៧៨នាក់ កំពុងសម្រាក​ព្យាបាល ខណៈក្រុមអាជ្ញាធរ​កំពុងស៊ើប​អង្កេតលើ​ករណីនេះ។

គួរបញ្ជាក់ថា នេះគឺជាលើកទីពីរ​ហើយ ក្នុងរយៈពេលបីខែមកនេះ ដែលមានសេចក្ដីរាយការណ៍​ពីករណីសង្ស័យ​ពុលចំណីអាហារ ក្នុងពន្ធនាគារ​ដែលធ្លាប់បណ្ដាល​ឱ្យអ្នកទោសពីរ​នាក់ស្លាប់ និង​៥០នាក់ធ្លាក់ខ្លួនឈឺ នៅឯពន្ធនាគារ​មួយកន្លែងក្នុងរដ្ឋ ឆាតទីសហ្គាហ៍ (Chhattisgarh) ភាគកណ្ដាល​ប្រទេស​ឥណ្ឌា កាលពីខែឧសភា៕