(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ី​លោក វ៉្លាឌីមៀ ពូទីន ត្រូវគេបង្ហើប​ឲ្យដឹងថា បានស្នើឡើង​នូវការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ ដើម្បីធ្វើជា​​​ដំណោះស្រាយសម្រាប់វិបត្តិ​ដ៏រ៉ាំរ៉ៃ នៅតំបន់ភាគខាង​កើត​អ៊ុយក្រែន ទៅកាន់​​សមាភាគី​អាមេរិករបស់​លោក គឺប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងជំនួប​កំពូលមួយទល់​នឹងមួយ កាលពីប៉ុន្មានថ្ងៃមុន​នៅក្រុងហែលស៊ីនគី នៃប្រទេស​ហ្វាំងឡង់។ នេះបើតាម​សេច​ក្តី​រាយការណ៍​របស់សារព័ត៌មាន​​អាមេរិក Bloomberg ដកស្រង់ខ្លឹមសារ​ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។

បើតាម Bloomberg ដែលទទួលបានប្រភពព័ត៌មានពីក្រុមមន្រ្តី ដែលមានវត្តមាន​នៅក្នុងឱកាស​ជួបពិភាក្សា រវាងមេដឹកនាំ​ទាំងពីរ លោក​ ពូទីន បាននិយាយ​អំពីសំណើ​ខាងលើ នៅក្នុងអំឡុងកិច្ចប្រជុំ​បិទទ្វារមួយ ជាមួយ​បណ្តាឯកអគ្គរដ្ឋ​ទូតកំពូលៗនៅឯ​ទីក្រុងម៉ូស្គូ កាលពី​​ថ្ងៃព្រហស្បតិ៍​ម្សិលមិញនេះ។ ចំណែកឯ​លោក ត្រាំ វិញ​ក្រោយពី​បាន​លឺ​​សំណើនេះហើយ​ត្រូវគេអះអាងថា បានស្នើឲ្យលោក ពូទីន កុំ​លើកឡើងពី​គំនិតនេះ​នៅក្នុង​សន្និសីទរួម ដែលធ្វើឡើង​នៅក្រោយ​ជំនួបឡើយ ដើម្បី​ទុកពេល​ឲ្យរូបលោក យកពេលគិតគូរពិចារណា​​ ចំពោះសំណើនេះ​ឲ្យបានច្បាស់​លាស់​សិន។

គួរជម្រាបថា តំបន់ចំនួនពីរនៅភាគខាងកើត​អ៊ុយក្រែន គឺតំបន់ Donetsk និង Luhunsk ដោយទាំងពីរចូលគ្នា​ហៅថា Donbass នោះ​បាននិងកំពុងជាប់គាំង​ក្នុងបញ្ហាជម្លោះ​ ជាមួយរដ្ឋ​ភិបាលកណ្តាល ក្រោយពីរដ្ឋាភិបាល​ថ្មី បានឡើងកាន់អំណាច​ក្នុងទីក្រុងកៀវ​​កាលពី​ឆ្នាំ២០១៤៕