(អង់ការ៉ា)៖ ស្ត្រីម្នាក់ និងកូនបីនាក់របស់នាងបានធ្វើដំណើរតាមទូក ដើម្បីរត់ភៀសខ្លួនចេញពីប្រទេសតួកគី ដោយសារតែ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ដែល​កំពុង​​បន្តទៅលើ​អ្នក​គាំទ្រ​នៃចលនា Gülen ប៉ុន្តែមនុស្សទាំង០៤នាក់នេះ បានបាត់ខ្លួននៅក្នុងទន្លេ Evros តាម​បណ្តោយ​ព្រំដែនតួកគី និងក្រិកកាលពីយប់ថ្ងៃពុធ។ នេះបើតាមការដកស្រង់ពីវែបសាយ Stockholm Center for Freedom នៅរសៀល​ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។

ប្រភពព័ត៌មានបានឱ្យដឹងថាម្តាយនិងកូនៗខាងលើ រួមមាននាង Hatice Akçabay អាយុ៣៦ឆ្នាំ និងកូនប្រុស ០៣នាក់ឈ្មោះ Ahmet Esat អាយុ ០៧ឆ្នាំ Mesut អាយុ ០៥ ឆ្នាំនិង Aras អាយុមួយឆ្នាំ។ ឪពុករបស់ក្មេងៗដែលមានឈ្មោះ Murat Akçabay និងមនុស្ស៤នាក់​ផ្សេង​ទៀតដែលនៅលើទូកនោះត្រូវបានគេជួយសង្គ្រោះ។ មន្ត្រីនៃប្រទេសក្រិចបានប្រាប់សារព័ត៌មាន Euronews ថា ពួក​គេត្រូវបាន​ដាក់​ឲ្យ​ស្ថិត​នៅ​ ក្នុងស្ថានីយ៍​ប៉ូលិស​មួយ​នៅជាប់ព្រំដែនជាមួយតួកគី។

គួរជម្រាបថា មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីប្រទេសតួកគី ដោយសារតែការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលនៃគណៈបក្ស​យុត្តិធម៌ និងការអភិវឌ្ឍន៍ (AKP) ប្រឆាំងនឹងអ្នកគាំទ្រនៃចលនា Gülen បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ។ រដ្ឋាភិបាលបាននិងនៅតែចោទប្រកាន់ថា ចលនានេះគឺជាក្រុមដែលនៅពីក្រោយខ្នងនៃរដ្ឋប្រហារ ទោះ​បីជា​មាន​ការ​បដិសេធ​ពី​ចលនា​យ៉ាង​ណា​ក៏​ដោយ៕