(ស្តុកហូម)៖ ក្រសួងការបរទេស​របស់តួកគី បានកំណត់គោល​ដៅលើមនុស្សជាង ៤,៦០០នាក់ ដែលជាអ្នកដើរតាមការប្រៀនប្រដៅ​របស់លោក ហ្គូលែន កំពុងស្នាក់នៅជាង ១១០ ប្រទេស ដែលជាផ្នែកមួយ​នៃការធ្វើទុក្ខបុក​ម្នេញរបស់​រដ្ឋាភិបាលតួកគី ក្រោយពីរដ្ឋប្រហារឆ្នាំ២០១៦។ នេះបើតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Sabah Daily នៅរសៀលថ្ងៃសុក្រទី ២០ ខែកក្កដា ឆ្នាំ២០១៨។

អត្ថបទដែលបាន​ចុះផ្សាយខាងលើ​បាននិយាយថា «រហូតមក​ដល់ពេលនេះ​ មនុស្សជាង ៨០នាក់ ហើយដែលរងការចោទប្រកាន់ថា ជាអ្នករៀបចំផែនការ​រដ្ឋប្រហារ​មកពី ១៨ប្រទេស​​ ត្រូវបាននាំត្រឡប់​ទៅតួកគីវិញ នៅក្នុងការចាប់​ខ្លួនជា​សកល»។
លោក អេដូហ្គាន់ (Erdoğan) ប្រធានាធិបតី​តួកគីបានចោទ​ប្រកាន់​ចលនា Gülen ថាជាក្រុមដែលនៅពី​ក្រោយការ​ប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ ដែលបានបរាជ័យនៅ​ក្នុងប្រទេសតួកគីកាលពីឆ្នាំ​២០១៦ ខណៈពេល​ដែលមានការបដិសេធ​ពីការចូលរួមនេះ​យ៉ាងណា​ក៏ដោយ។

មនុស្សជាង ១៥០,០០០​នាក់ត្រូវបានចាប់ខ្លួន និង ៩០,០០០នាក់ ត្រូវបានគេឃុំឃាំង​នៅក្នុងពន្ធនាគារ​ក្នុងប្រទេសតួកគី ចាប់តាំងពីរដូវក្តៅឆ្នាំ​២០១៦មក។ ទន្ទឹមនឹងនេះ​លោក Erdogan បានអំពាវនាវ​ដល់រដ្ឋាភិបាល​បរទេសឱ្យដាក់​ទណ្ឌកម្ម​លើក្រុមហ្គូលែន​ និយមនៅមានក្នុងប្រទេស​របស់ពួកគេ​ផងដែរ។

រហូតមកទល់​ពេលនេះ​ប្រទេសមួយចំនួនដូចជា អារ៉ាប៊ីសាអ៊ូឌីត ម៉ាឡេស៊ី ហ្សកហ្សី និងមីយ៉ានម៉ា​បានប្រគល់​គ្រូបង្រៀន ពាណិជ្ជករ និង​នាយក​សាលា តាមសំណើ​របស់រដ្ឋាភិបាលតួកគី ថ្វីបើមានជនរងគ្រោះ​មួយចំនួន​ដែលមានឋានៈជាជនភៀសខ្លួន​ ជាមួយអង្គការ​សហប្រជាជាតិ​ក៏ដោយ។ ក្នុងករណីមួយ​ចំនួនទីភ្នាក់ងារស៊ើប​អង្កេតតួកគី​ត្រូវបានគេរាយការណ៍​ថា បានចាប់ខ្លួនជន​សង្ស័យដែលនៅ​ក្រៅប្រទេស បើទោះបី​ជាតុលាការ​បានបដិសេធ​សំណើរបស់ប្រទេស​តួកគីសម្រាប់ការនិរទេស​ក៏ដោយ៕