(សេអ៊ូល)៖ តុលារការ​កូរ៉េខាងត្បូង​បានផ្ដន្ទាទោស​ អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដាក់ពន្ធនាគារ​រយៈ​ពេល ០៨ឆ្នាំ​បន្ថែមទៀត នៅថ្ងៃសុក្រនេះ​បន្ទាប់ពីរកឃើញ​ថា លោកស្រី​មានទោស​ពាក់ព័ន្ធនឹង​ការចោទប្រកាន់​ថា បានធ្វើឱ្យបាត់

លុយរដ្ឋាភិបាល និងជៀតជ្រែក​ក្នុងការបោះឆ្នោត​សភាកាលពី​ឆ្នាំ២០១៦។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០​ ខែកក្កដា ឆ្នាំ២០១៨។

សម្រាប់ទោស ០៨ឆ្នាំ បន្ថែមខាងលើនេះ គឺក្រោយពីតុលាការ​ក្នុង​ទីក្រុងសេអ៊ូល​​បានសម្រេចថា លោកស្រី ផាក ដែលត្រូវបាន​កាត់ទោស​​ដាក់ពន្ធនាគារ ២៤ឆ្នាំ រួចមកហើយពីបទពុករលួយនោះ បានគុបគិតជាមួយអតីតមន្ត្រី​ជំនិត​របស់ខ្លួន ដោយធ្វើឱ្យបាត់​មូលនិធិរដ្ឋជាង ៣០លានវ៉ុន ឬ ២៦.៤៩លាន​ដុល្លារ ពីទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់ជាតិ។

មិនតែប៉ុណ្ណោះ​លោកស្រី ​ក៏ត្រូវបានគេឃើញ​ទោសកំហុសផងដែរថា បានលូកដៃចូល ក្នុងកិច្ចការ​ជ្រើសរើសបេក្ខជន​គណបក្សរបស់​លោកស្រី ឱ្យឈរឈ្មោះ​ជាបេក្ខជន​តំណាងរាស្ត្រ​ សម្រាប់ការបោះឆ្នោត​សភា​កាលពី​ឆ្នាំ២០១៦ ដូច្នេះទើប​ទោស​ជាប់ពន្ធនាគារ​បន្ថែម ត្រូវបានសម្រេចចេញ។ ប៉ុន្តែ​ដោយសារលោកស្រី ផាក គឺនហេ មាន​អាយុ ៦៦ឆ្នាំ បានច្រានចោល​រាល់ការចោទប្រកាន់មកខ្លួន ដូច្នេះហើយលោកស្រីមិន​បានបង្ហាញ​ខ្លួន នៅ​ក្នុងសវនាការឡើយ។

គួររំលឹកថា កាលពី​ខែមេសា លោកស្រី ផាក ត្រូវបានតុលាការ​ជាន់ទាបកូរ៉េខាងត្បូង រកឃើញថា មានជាប់ពាក់ព័ន្ធ​នឹងអំពើពុករលួយ តាមរយៈការរំលោភ អំណាចរដ្ឋក្នុង​សំណុំរឿងអាស្រូវពុក​រលួយនយោបាយ ​ពាក់ព័ន្ធស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាមិត្តជិតស្និទ្ធម្នាក់របស់​លោកស្រី៕