(ប៉ារីស)៖ ក្រុមរដ្ឋអាជ្ញាបារាំងកំពុងស៊ើបអង្កេត​លើ មន្ត្រីជំនិតជាន់ខ្ពស់​ម្នាក់របស់​ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ដែលត្រូវបាន​គេចោទប្រកាន់ថា បានពាក់មួក​ប៉ូលិសបង្រ្កាប​បាតុកម្ម និងប្រើហិង្សា​លើបាតុករពីរនាក់​នៅក្នុងទីក្រុង​ប៉ារីស។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២០​ ខែកក្កដា ឆ្នាំ២០១៨។

លោក អាហ្សង់ដ្រេ ប៊ែរណលឡា (Alexandre Benalla) ជាជំនួយការ​ប្រធានបុគ្គលិក​របស់លោក ម៉ាក្រុង ត្រូវបានគេថត​ជាប់នៅក្នុងវីដេអូ​មួយដោយ​សកម្មជន​ជានិស្សិតម្នាក់បង្ហាញថា លោកបានប្រើប្រាស់ហិង្សា​លើបាតុករ​ជាស្ត្រី និងបុរសម្នាក់​ អំឡុងមានសកម្មភាពធ្វើបាតុកម្ម​តវ៉ា «May Day» ហើយបន្ទាប់មក ទើបលោក​ត្រូវបានសារព័ត៌មាន​បារាំងឡឺម៉ុង (Le M​onde) បញ្ជាក់​អត្តសញ្ញាណ។

បន្ថែមពី​លើនេះ នៅក្នុងវីដេអូនោះ​ក៏បានបង្ហាញ​ផងដែរថា លោក Benalla​ ត្រូវបានអម​ដំណើរនៅ​ថ្ងៃកើតហេតុ​ដោយប៉ូលិស​ម្នាក់ និងសមាជិក​បក្សនយោបាយ​ម្នាក់ទៀត​របស់លោក ម៉ាក្រុង ឈ្មោះ វីនសិន ក្រាស (Vincent Crase)​។

ដោយឡែក​ជុំវិញសំណុំ​រឿងនេះដែរ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃបារាំង លោក ហ្គែរ៉ាដ ខូលឡុម (Gerard Collomb) បាននិយាយថា លោកបានបញ្ជាឱ្យ​មានការបើក​ការស៊ើបអង្កេតមួយ​ ដឹកនាំដោយអធិការដ្ឋាន​ប៉ូលិសជាតិបារាំង ហើយបុរស​ទាំងពីរនាក់​ខាងលើ​ គ្មានសិទ្ធិ​ស្របច្បាប់​ធ្វើអន្តរាគមន៍​ក្នុងបាតុកម្ម​តវ៉ានោះ​ទេ។

គួរបញ្ជាក់ថា អំហិង្សាបាន​ផ្ទុះឡើង​នៅអំឡុងបាតុកម្ម​តវ៉ាមួយនៅឯ​តំបន់ ផ្លេសឌែឡា (Place de la Contrescarpe) ស្ថិតក្នុង​សង្កាត់ទី ៥ នៃទីក្រុង​ប៉ារីស ជាទីដែល​មនុស្ស ១០០នាក់ ប្រមូលផ្ដុំគ្នា​ធ្វើបាតុកម្ម​កាលពីថ្ងៃទី០១ ខែឧសភា ប្រឆាំងនឹងសំណើ​ច្បាប់ការងារ​របស់​លោក ម៉ាក្រុង៕