(អាមេរិក)៖ ផ្ទៃពោពេញដោយ​អាថ៌កំបាំង​​របស់ព្រះច័ន្ទយក្ស Titan នៃភពសៅរ៍ (Saturn) បានបង្ហាញខ្លួនយ៉ាងច្បាស់អស្ចារ្យ នៅ​ក្នុង​សំណុំរូប​ភាព​​​របស់​យាន​អវកាស Cassini នៃអង្គការ NASA ដែលទើបត្រូវ​បានបញ្ចេញនាពេលថ្មីៗនេះ។ នេះ​បើតាម​ការ​​ដក​​ស្រង់​​ការ​ផ្សាយ​ចេញ​ពី​វែប​​សាយ Space.com នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមការងារ​នៃបេសកកម្ម Cassini ដែលទើបតែបញ្ចប់ទៅកាលពីឆ្នាំមុន បានបង្កើត​សំណុំរូបភាពចំនួន ០៦សន្លឹក តាម​រយៈ​​ការ​ប្រើ​ប្រាស់​ទិន្នន័យ​គិតជារយៈពេល​សរុបគឺ ១៣ឆ្នាំ ដែលប្រមូលបាន​ដោយឧបករណ៍ហៅកាត់ថា VIMS បំពាក់នៅលើយាន Cassini។ រូបភាពទាំងនេះ​បានអនុញ្ញាត​ឲ្យយើងមើលឃើញ​ផ្ទៃរបស់ Titan ក្នុងទិដ្ឋភាពយ៉ាងលម្អិត មិនធ្លាប់មាន​នោះឡើយ ពីព្រោះថា​កាលពី​ពេលមុនៗ ដោយសារតែបរិយាកាសដ៏ក្រាស់របស់ Titan មើលទៅគឺដូច​បាល់ព្រាលពណ៌ទឹកក្រូចមួយ​ប៉ុណ្ណោះ។

នាពេល​អនាគត បេសកកម្ម​ឈ្មោះថា Dragonfly អាចនឹងទៅធ្វើ​ការរុករកលើផ្ទៃ​នៃព្រះច័ន្ទយក្សនេះ និងស្ទាបស្ទង់​លើលទ្ធភាពរបស់វា ដើម្បី​​ទ្រទ្រង់ជីវិត តាមរយៈការប្រើប្រាស់ឧទ្ធម្ភាគចក្រ​ខ្នាតតូចមួយ។ គម្រោង Dragonfly ស្ថិតក្នុងចំណោម​ជម្រើសចុងក្រោយ​ចំនួនពីរ គឺ​រួម​ជា​មួយបេសកកម្ម​មួយទៀត​ ទាក់ទិននឹង​ការប្រមូល​គំរូតាងពីអាចម៍​ផ្កាយដុះកន្ទុយ សម្រាប់​បេសកកម្ម New Frontier បន្ទាប់ទៀត​របស់​​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ហើយ NASA គ្រោងនឹងប្រកាស​អ្នកឈ្នះ​នៅឆ្នាំ២០១៩ ហើយ​ចាប់​ផ្តើម​​បេសកកម្ម​​នៅ​ឆ្នាំ២០២៥។​

គួរជម្រាបថា បេសកកម្មតម្លៃ ៣.២ពាន់លានដុល្លារ Cassini ដែលជាគម្រោង​រួមគ្នារវាង​ NASA ទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA និង​ទីភ្នាក់​ងារ​អវកាសអ៊ីតាលី​បានចាប់ផ្តើម​កាលពីឆ្នាំ២០១៧ និងទៅដល់ភពសៅរ៍​នៅពាក់កណ្តាល​ឆ្នាំ២០០៤។ យាន Cassini បានហោះឆ្វែល​​​​​ប្រព័ន្ធភពឧស្ម័នយក្ស​នេះ​អស់រយៈពេល ១៣ឆ្នាំ។ ក្នុងនោះយាន​ឈ្មោះថា Huygens ក៏បានរួមដំណើរទៅ​ជាមួយគ្នាផងដែរ ដោយវា​បាន​ចុះទៅដល់​ព្រះច័ន្ទ Titan កាលពី​ខែមករា ឆ្នាំ២០០៥។

បេសកកម្មដ៏​អស្ចារ្យនេះ បានឈានចូលដល់ទីបញ្ចប់​កាលពីខែកញ្ញា ឆ្នាំ២០១៧ តាមរយៈការទម្លាក់ខ្លួន​កម្ទេចចោលរបស់ Cassini ​ទៅ​​ក្នុងភពសៅរ៍ ដើម្បីបង្ការកុំឲ្យ​មានការបំពុលដល់ Titan ឬព្រះច័ន្ទដទៃ​ទៀតៗដូចជា Enceladus ដែលអាចមាន​លទ្ធភាពទ្រទ្រង់ជីវិត​បាន​ ជាមួយពពួកមីក្រុប​ដែលនាំយក​ទៅពីផែនដី៕